ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ និងស៊ីរី ថ្កោលទោសវត្តមាន របស់អាមេរិក ដោយខុសច្បាប់ នៅក្នុងប្រទេសស៊ីរី

AFP

តេងេរ៉ង់៖ រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោក Mohammad-Reza Ashtiani និងសមភាគីស៊ីរី លោក Ali Mahmoud Abbas បានថ្កោលទោសវត្តមានរបស់សហរដ្ឋអាមេរិក “ដោយខុសច្បាប់” នៅក្នុងប្រទេសស៊ីរី នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាននិស្សិតអ៊ីរ៉ង់។

ភាគីទាំងពីរបានធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំមួយនៅក្នុងរដ្ឋធានីតេអេរ៉ង់ របស់អ៊ីរ៉ង់ ក្នុងអំឡុងពេលនោះ លោក Ashtiani បានពណ៌នាវត្តមានយោធាអាមេរិក នៅក្នុងប្រទេសស៊ីរីថាជា “ការកាន់កាប់ ដែលជាការខុសច្បាប់ មិនសមហេតុផល និងរំលោភលើបទដ្ឋាន និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ”។

លោក​បាន​កត់​សម្គាល់​ថា វត្តមាន​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​ស៊ីរី​ជា​ច្រើន​ឆ្នាំ​មក​ហើយ បាន​នាំ​ឲ្យ​មាន​អស្ថិរភាព អសន្តិសុខ និង​ការ​ផ្លាស់​ប្តូរ​ទីលំនៅ​របស់​ប្រជាជន​ស៊ីរី​រាប់​លាន​នាក់។

ចំណែក​ឯ​រដ្ឋមន្ត្រី​ស៊ីរី​វិញ​បាន​ឲ្យដឹងថា សហរដ្ឋ​អាមេរិក​មិន​បាន​ប្រឹងប្រែង ដើម្បី​សម្រុះសម្រួល​ស្ថិរភាព និង​សន្តិសុខ​ក្នុង​តំបន់​ឡើយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក​បាន​បន្ថែម​ថា វត្តមាន​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ប្រទេស​ស៊ីរី​គឺ “ខុស​ច្បាប់ ហើយ​មាន​គោល​បំណង​ប្រែក្លាយ​ប្រទេស​អារ៉ាប់​ឲ្យ​ទៅ​ជា​មូលដ្ឋាន​សម្រាប់​គាំទ្រ​ក្រុម​ផ្តាច់ខ្លួន និង​ក្រុម​ភេរវជន”។

លោក Abbas បានសង្កត់ធ្ងន់ថា ការវិវឌ្ឍដែលបានលាតត្រដាងនៅក្នុងតំបន់ហ្គាហ្សា បានបង្ហាញឱ្យឃើញពីធម្មជាតិ “លាក់ពុត” ពិតប្រាកដនៃលោកខាងលិច និងសហរដ្ឋអាមេរិកទៅកាន់ពិភពលោក៕
ប្រែសម្រួល ឈូក បូរ៉ា

To Top