ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនផលិតស្រាយក្ស ចំនួន២នៅវៀតណាម កំពុងត្អូញរឿងធ្លាក់ចំណូល ក្នុងពេលរដ្ឋាភិបាលកំពុងរឹតបន្តឹងការបើកបរ ក្នុងស្ថានភាពស្រវឹង

រូបភាពពី៖​ VN Express

បរទេស៖ ការលក់ស្រាបៀរនៅក្នុងប្រទេសវៀតណាម បានធ្លាក់ចុះ ១១ភាគរយ ក្នុងឆ្នាំ ២០២៣ ដោយសារតែរដ្ឋាភិបាលមិនអត់ធ្មត់ចំពោះការបើកបរក្នុងស្ថានភាពស្រវឹង ហើយប្រាក់ចំណេញរបស់ក្រុមហ៊ុនស្រាបៀរបានធ្លាក់ចុះ ២៣ភាគរយ។ នេះបើតាមតួលេខឧស្សាហកម្មស្រាបានបង្ហាញ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងសន្និសីទមួយកាលពីថ្ងៃសុក្រ សមាគមស្រាបៀរវៀតណាម – អាល់កុល – ភេសជ្ជៈ (VBA) បាននិយាយថា ការប្រើប្រាស់ស្រាបៀរធ្លាក់ចុះយ៉ាងខ្លាំង ជាពិសេសនៅភោជនីយដ្ឋាន និងកន្លែងហូបអាហារ។

ក្រុមហ៊ុនផលិតស្រាបៀរដ៏ធំចំនួនពីរគឺ Sabeco និង Habeco ទាំងពីរបានទទួលរងនូវការធ្លាក់ចុះយ៉ាងខ្លាំងនៃប្រាក់ចំណេញ។ ប្រាក់ចំណេញរបស់ក្រុមហ៊ុន Sabeco បានធ្លាក់ចុះ ២៣ភាគរយ មកនៅត្រឹម ៤,២៥៥ ពាន់ពាន់លានដុង ស្មើនឹងប្រហែល ១៨០,១លានដុល្លារ ដែលជាកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ ២០១៦ ប្រសិនបើរយៈពេល Covid-19 មិនត្រូវបានពិចារណា។

ចំណែកប្រាក់ចំណេញរបស់ក្រុមហ៊ុន Habeco បានធ្លាក់ចុះ ៣០ភាគរយ មកនៅត្រឹម ៣៥៥ ពាន់លានដុង។

សមាគមបាននិយាយថា ខណៈពេលដែលសមាជិករបស់ខ្លួនគាំទ្រគោលនយោបាយប្រឆាំងនឹងការបើកបរស្រវឹង ការហាមប្រាមកម្រិតណាមួយនៃគ្រឿងស្រវឹងនៅពេលបើកបរ កំពុងធ្វើឱ្យប៉ះពាល់ដល់ផលិតកម្មស្រាបៀរ និងសង្វាក់ផ្គត់ផ្គង់។

អ្នកតំណាង សមាគមស្រាបៀរវៀតណាម បាននិយាយនៅក្នុងសន្និសីទថា “ភោជនីយដ្ឋាន និងតំបន់ទេសចរណ៍មិនអាចដំណើរការបានទេ ដោយសារកង្វះអតិថិជន”៕ ប្រែសម្រួលៈ ណៃ តុលា

To Top