ព័ត៌មានអន្តរជាតិ

មេបញ្ជាការអ៊ុយក្រែនថា យន្តហោះគ្មានមនុស្សបើក គឺជាគន្លឹះដើម្បីទទួលបាន ផលប្រយោជន៍លើកងទ័ពរុស្ស៊ី

រូបភាពពី៖​ AFP

បរទេស៖ មេបញ្ជាការអ៊ុយក្រែន លោក Oleksandr Syrskyi បាននិយាយកាលពីយប់ថ្ងៃច័ន្ទថា ការអភិវឌ្ឍន៍ប្រព័ន្ធគ្មានមនុស្សបើក ឬយន្តហោះគ្មានមនុស្សបើក គឺជាគន្លឹះក្នុងការផ្តល់អត្ថប្រយោជន៍ដល់ទីក្រុងគៀវ លើកងកម្លាំងរុស្ស៊ី “ដែលខ្លាំងជាង” ។

យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Syrskyi បាននិយាយនៅលើ Telegram បន្ទាប់ពីជួបជាមួយអនុប្រធានរបស់លោក គឺលោក Vadym Sukharevskyi ថា “ការអភិវឌ្ឍន៍នៃការប្រើប្រាស់ប្រព័ន្ធគ្មានមនុស្សបើកគឺជាអាទិភាពរបស់ខ្ញុំ ។ យើងកំពុងស្វែងរកដំណោះស្រាយមិនស៊ីមេទ្រី ដើម្បីទទួលបានអត្ថប្រយោជន៍ប្រកបដោយគុណភាព លើគូប្រជែងដែលខ្លាំង។”

ការកើនឡើងនៃការប្រើប្រាស់យន្តហោះគ្មានមនុស្សបើកដោយភាគីទាំងពីរ បាននិងកំពុងផ្លាស់ប្តូរជម្លោះឆ្ងាយពីសមរភូមិ ទៅជាការវាយប្រហារលើវិស័យយោធា ថាមពល និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់គ្នាទៅវិញទៅមក។

ដោយសារយោធាអ៊ុយក្រែន អស់កាំភ្លើង និងអស់ទាហាននៅលើសមរភូមិ, កងកម្លាំងរបស់ទីក្រុងមូស្គូបាននិងកំពុងបង្កើនសម្ពាធនៅតាមបណ្តោយជួរមុខទាំងមូល និងធ្វើឱ្យមានការកើនឡើងទទួលផលបន្តិចម្តងៗ៕ ប្រែសម្រួលៈ ណៃ តុលា

To Top