ភ្នំពេញ៖ លោក ចាស្ទីន ខេវិន វ៉ាយអេត (Justin Kevin Whyat) ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំកម្ពុជា បានកោតសរសើរពីកិច្ចខិតខំរបស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) ក្នុងការលើកកម្ពស់ និងការពារការសិទ្ធិមនុស្សនៅកម្ពុជា ជាពិសេស ដំណោះស្រាយបានយ៉ាងល្អ ចំពោះករណីការរើងអើង អ្នកស្រឡាញភេទដូចគ្នា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន (គ.ស.ម.ក)
ការលើកឡើងរបស់ ឯកអគ្គរាជទូតអូស្ត្រាលី ក្នុងជំនួបពិភាក្សាការងារជាមួយ លោកទេសរដ្ឋមន្ដ្រី កែវ រ៉េមី ប្រធាន គ.ស.ម.ក នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។
ក្នុងជំនួបនោះដែរ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី បានវាយតម្លៃខ្ពស់ពីកិច្ចសហប្រតិបត្តិការរវាង គ.ស.ម.ក. និងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា នាពេលកន្លងមក ជាពិសេសពាក់ព័ន្ធនឹងការ សម្របសម្រួលដំណើរការនៃ ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតស្ថាប័នជាតិសិទ្ធិមនុស្ស។
ទន្ទឹមនេះ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីតួនាទីសំខាន់ៗរបស់ គ.ស.ម.ក. ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស ដូចជា៖ ការទទួលពាក្យបណ្ដឹងដោយផ្ទាល់នៅ គ.ស.ម.ក. តាមរយៈ App CHRC និងប្រអប់ពាក្យបណ្តឹងនៅតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ ការចុះ ស៊ើបអង្កេត និងដោះស្រាយពាក្យបណ្តឹង ការចុះផ្សព្វផ្សាយអប់រំអំពីសិទ្ធិមនុស្ស ការចុះពិនិត្យស្ថានភាព សិទ្ធិមនុស្សជាប្រចាំនៅកន្លែងឃុំឃាំង ដូចជាពន្ធនាគារ មណ្ឌលអប់រំកែប្រែ និងមណ្ឌលស្តារនីតិសម្បទា និងការរៀបចំសរសេររបាយការណ៍ សិទ្ធិមនុស្សជូនអង្គការសហប្រជាជាតិ។
បន្ថែមពីនេះ ភាគីទាំងពីរក៏បានពិភាក្សាលើវឌ្ឍនភាពនៃ សេចក្តីព្រាងច្បាប់ស្តីពីការបង្កើត ស្ថាប័នជាតិសិទ្ធិមនុស្ស និងបានផ្លាស់ប្តូរទស្សនៈលើលំហ ប្រជាធិបតេយ្យនៅកម្ពុជាផងដែរ។
ក្នុងជំនួបនេះ ឯកអគ្គរាជទូតអូស្ត្រាលី បានកោតសរសើរពីកិច្ចខិតខំរបស់ គ.ស.ម.ក. ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សនៅកម្ពុជា ជាពិសេសការដំណោះស្រាយបានយ៉ាងល្អ ចំពោះករណីការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា ហើយប្រទេសអូស្ត្រាលី បានត្រៀមខ្លួនរួចរាល់ ក្នុងការចែករំលែកបទពិសោធន៍ និងចំណេះដឹងលើប្រធានបទ អ្នកស្រឡាញ់ភេទដូចគ្នា។
លោកទេសរដ្ឋមន្ត្រី បានយកឱកាសនេះគូសបញ្ជាក់ថា រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ បាននឹងកំពុង អនុវត្តយ៉ាងមមាញឹកនូវអាទិភាពទាំង៦ រួមមាន៖ ការពង្រីកសេវាថែទាំសុខភាព ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម ការដាក់ចេញ និងការជំរុញអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ សេដ្ឋកិច្ចក្រៅប្រព័ន្ធការដាក់ចេញ យន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន ការផ្តល់ប្រាក់កម្ចី ដើម្បីប្រកបរបរកសិកម្ម និងការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ សង្កាត់ និងការអនុវត្តវិធានការគន្លឹះទាំង៥ រួមមាន៖ កំណែទម្រង់វិស័យរដ្ឋបាលសាធារណៈ វិស័យអប់រំ វិស័យសុខាភិបាល គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងប្រព័ន្ធយុត្តិធម៌ ដែលជាចំណុចអាទិភាព និងជាផលប្រយោជន៍រួមរបស់ប្រជាជន៕