ពេលថ្មីៗនេះ ខុទ្ទកាល័យ នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានចេញផ្សាយ “ផែនការប្រតិបត្តិ ស្តីពីការជំរុញយ៉ាងជាក់ស្តែង នូវការបើកចំហដោយកម្រិតខ្ពស់ ដើម្បីបង្កើនការកៀរគរ និងប្រើប្រាស់ទុន វិនិយោគពីបរទេស “។ “ផែនការប្រតិបត្តិ”នេះសង្កត់ធ្ងន់ថា ការវិនិយោគពីបរទេស គឺជាកម្លាំងដ៏សំខាន់ ក្នុងការចូលរួមកិច្ចកសាង ទំនើបកម្ម តាមបែបផែនចិន និងការជំរុញការអភិវឌ្ឍ ប្រកបដោយវិបុលភាព រួមរវាងសេដ្ឋកិច្ចចិន និងសេដ្ឋកិច្ចពិភពលោក ការបង្កើនការកៀរគរ និងប្រើប្រាស់ទុនវិនិយោគពីបរទេសចាំបាច់ ត្រូវតែប្រកាន់ខ្ជាប់នូវការណែនាំ នៃគំនិត សង្គមនិយមប្រកប ដោយលក្ខណៈពិសេសចិន ក្នុងយុគសម័យថ្មី របស់លោកXi Jinping ហើយអនុវត្តឱ្យបានល្អ ពេញលេញ ត្រឹមត្រូវ និង គ្រប់ជ្រុងជ្រោយ នូវគំនិតអភិវឌ្ឍន៍ថ្មី ក៏ដូចជាបង្កបរិយាកាស អាជីវកម្មលំដាប់ខ្ពស់ ដែលប្រកបដោយទីផ្សារ ភាវូបនីយកម្ម និយ័តកម្ម និង អន្តរជាតូបនីយកម្ម ដើម្បីពង្រឹងទំនុកចិត្ត របស់ក្រុមហ៊ុនវិនិយោគទុន ពីបរទេសក្នុងការ អភិវឌ្ឍនៅប្រទេសចិន។
“ផែនការប្រតិបត្តិ” នេះលើកឡើង នូវវិធានការចំនួន ២៤ លើវិស័យចំនួន ៥ ៖ ទី១ គឺពង្រីកការអនុញ្ញាតឱ្យចូលទីផ្សារ ដើម្បីលើកកម្ពស់កម្រិត សេរីភាវូបនីយកម្ម នៃការវិនិយោគពីបរទេស ។ ទី២ គឺបង្កើនគោលនយោបាយ ដើម្បីលើកកម្ពស់ការស្រូបទាញ ចំពោះការវិនិយោគពីបរទេស។ ទី៣ គឺធ្វើឱ្យមានសុក្រឹតភាពនូវបរិយាកាសប្រកួតប្រជែងដោយយុត្តិធម៌ ដើម្បីផ្តល់សេវាកម្មល្អ ដល់សហគ្រាសបរទេស ដែលធ្វើការវិនិយោគនៅចិន ។ ទី ៤ គឺផ្តល់ភាព ងាយស្រួល សម្រាប់ការធ្វើនវានុវត្តន៍ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ផ្នែកនវានុវត្តន៍ រវាងសហគ្រាសចិន និងបរទេស។ ទី៥ គឺធ្វើឱ្យមាន សុក្រឹតភាព នូវបទប្បញ្ញត្តិក្នុងប្រទេស ដើម្បីតភ្ជាប់ជាមួយច្បាប់ កំណត់សេដ្ឋកិច្ច និងពាណិជ្ជកម្មស្តង់ដាអន្តរជាតិ ៕