ព័ត៌មានអន្តរជាតិ

វេណេហ្ស៊ុយអេឡា បង្ហាញភស្តុតាងថ្មី នៃរដ្ឋប្រហារ

AFP

ការ៉ាកាស ៖ អគ្គមេធាវីវេណេស៊ុយអេឡា លោក Tarek William Saab បានបង្ហាញភ័ស្តុតាងថ្មី នៃផែនការដែលលាក់ទុក នៅក្នុងរដ្ឋ Monagas ភាគឦសានប្រទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាល។

យោងតាមលោក William Saab ព័ត៌មានលម្អិត នៃការឃុបឃិតគ្នា បានកើតឡើងបន្ទាប់ ពីជនសង្ស័យពីរនាក់ ត្រូវបានចាប់ខ្លួនពីបទបង្ហោះការគំរាមកំហែង ប្រឆាំងនឹងប្រធានាធិបតី វេណេស៊ុយអេឡាលោកនីកូឡា ម៉ាឌូរ៉ូ នៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គមក្នុងអំឡុងពេល របស់លោកទៅកាន់ទីក្រុង Monagas កាលពីថ្ងៃទី១១ ខែមីនា។

ជនសង្ស័យឈ្មោះ Renzo Flores និង Whillfer Pina ត្រូវបានចោទប្រកាន់ពីបទសមគំនិត និងប៉ុនប៉ងមនុស្សឃាត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

អគ្គមេធាវីបានឲ្យដឹងថា Flores បានសារភាពចំពោះអ្នកស៊ើបអង្កេតថា ផែនការនេះគឺ ដើម្បីបញ្ចុះបញ្ចូល “អ្នករត់ចោលជួរ” យោធាចំនួន ៥០នាក់ឱ្យរឹបអូសរថក្រោះ និងឃ្លាំងអាវុធពីបរិវេណយោធា។

លោកបានបន្ថែមថា ភស្តុតាងដែលទទួល បានពីទូរស័ព្ទដៃរបស់ Pina បានបង្ហាញថា អតីតអភិបាលក្រុងបក្ស ប្រឆាំងរបស់លោក Maturin គឺលោក Warner Jimenez កំពុងសហការជាមួយជនសង្ស័យ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top