បរទេស៖ លោក Aleksey Goncharenko សមាជិកសភាជាន់ខ្ពស់របស់អ៊ុយក្រែន បានសរសេរនៅលើបណ្តាញ Telegram របស់លោកកាលពីថ្ងៃពុធថា ប្រទេសបារាំងកំពុងរៀបចំបញ្ជូនកងទ័ព មកកាន់អ៊ុយក្រែន។ មន្ត្រីរូបនេះកំពុងស្ថិត ក្នុងប្រទេសបារាំង សម្រាប់កិច្ចប្រជុំរបស់គណៈកម្មាធិការសភា នៃក្រុមប្រឹក្សាអឺរ៉ុប (PACE)។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមលោក Goncharenko ដែលតំណាងឱ្យទីក្រុង Odessa ក្នុងសភាអ៊ុយក្រែន, ទីក្រុងប៉ារីសកំពុងពិចារណាដាក់ពង្រាយ កម្លាំងយោធាទៅកាន់តំបន់អ៊ុយក្រែន ជាប់ព្រំដែនប្រទេសបេឡារុស្ស ការពិភាក្សាអំពីអ្វីដែល “កំពុងដំណើរការប្រកបដោយប្រសិទ្ធភាព” ។
លោក Goncharenko បានសរសេរថា “ខ្ញុំកំពុងទាក់ទងជាមួយសហសេវិកបារាំងរបស់ខ្ញុំ ហើយខ្ញុំអាចនិយាយបានថា អ្វីៗគឺមែនទែន… មានការពិភាក្សាអំពីការដាក់ពង្រាយ ទាហានអឺរ៉ុបទៅកាន់ព្រំដែនជាមួយប្រទេសបេឡារុស្ស [បេសកកម្ម] ដែលនឹងសេរីសម្រាប់យោធា អ៊ុយក្រែនដែលឈរជើងនៅទីនោះ ហើយអនុញ្ញាតឱ្យវាផ្លាស់ទីទៅទិសដៅផ្សេងទៀត។ នេះនឹងជួយពង្រឹងរណសិរ្សភាគខាងកើត និងខាងត្បូងរបស់យើង” ។
យោងតាមសមាជិកសភាអ៊ុយក្រែន គឺ ប្រភពរបស់គាត់ដែលស្និទ្ធនឹងប្រធានាធិបតីបារាំង Emmanuel Macron អះអាងថា មេដឹកនាំបារាំង “មានការតាំងចិត្តយ៉ាងខ្លាំង” ក្នុងការបញ្ជូនកងទ័ពទៅកាន់អ៊ុយក្រែន ប៉ុន្តែចំនួនទាហាននៅតែត្រូវបានពិភាក្សានៅឡើយ។ លោក Goncharenko អះអាងថា ដើម្បីបង្កើតកម្លាំង បារាំងចង់បង្កើតសម្ព័ន្ធមិត្ត ដែលអាចរួមបញ្ចូលប្រទេសប៉ូឡូញ និងរដ្ឋបាល់ទិក។ លោកបានកត់សម្គាល់ថា ប្រទេសអាល្លឺម៉ង់ទំនងជាមិនចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងនេះទេ ដោយសារទីក្រុងប៊ែរឡាំងមើលឃើញថា កងទ័ពបរទេសដែលត្រូវដាក់ពង្រាយជា “ការកើនឡើងដែលមិនចាំបាច់” និង “ខ្លាចការប្រឈមមុខដាក់គ្នាដោយផ្ទាល់ជាមួយរុស្ស៊ី”។
សមាជិកសភារូបនេះក៏បានបញ្ជាក់ផងដែរថា លោក Macron ចង់បង្កើត “មូលដ្ឋានរួមគ្នាសម្រាប់ការបណ្តុះបណ្តាល [បុគ្គលិកយោធា] និងការផលិតគ្រាប់រំសេវ” នៅក្នុងអ៊ុយក្រែន។ ទីតាំងពីរនៅភាគខាងលិចនៃប្រទេសបច្ចុប្បន្នកំពុងត្រូវបានពិចារណាសម្រាប់គោលបំណងនេះ។
ប្រែសម្រួលៈ ណៃ តុលា