ព័ត៌មានអន្តរជាតិ

លោក Putin ចេញសេចក្តីថ្លែងការណ៍ ជាសាធារណៈលើកដំបូង ក្រោយជាប់ឆ្នោតអាណត្តិថ្មី

Xinhua

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ការបោះឆ្នោតប្រធានាធិបតី នៅក្នុងប្រទេសរុស្ស៊ី បានបង្ហាញថា ប្រទេសនេះ នៅតែជាគ្រួសារធំមួយដោយ លោកក៏បានថ្លែងអំណរគុណ ចំពោះអ្នកបោះឆ្នោត សម្រាប់ការគាំទ្រ ដែលមិនធ្លាប់មានពីមុនមក ហើយបានប្តេជ្ញាថានឹងបំពេញ តាមការរំពឹងទុករបស់ពួកគេ។

នៅព្រឹកថ្ងៃដដែល គណៈកម្មាធិការរៀបចំការបោះឆ្នោត មជ្ឈិមនៃប្រទេសរុស្ស៊ី (CEC) បានប្រកាសជាផ្លូវការថា ប្រធានាធិបតីជាប់ឆ្នោត លោក Putin ដោយប្រកាសថា លោកបានទទួលសំឡេងគាំទ្រជាង ៨៧ភាគរយ។ ការបោះឆ្នោតកាលពីចុងសប្តាហ៍មុនបានកត់ត្រាចំនួន អ្នកទៅបោះឆ្នោតខ្ពស់បំផុតដែលលើសពី ៧៧ភាគរយហើយ លោក Putin គ្រោង​នឹង​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​ទី ៧ ខែ​ឧសភា សម្រាប់​ការ​ កាន់​តំណែង​រយៈពេល ៦ ឆ្នាំ​ទៀត ។

នៅក្នុងសុន្ទរកថាទៅកាន់ប្រទេសជាតិ លោក Putin បានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់ នៃការប្រណាំងប្រធានាធិបតី ក្នុងការគូសផែនទី ផ្លូវរបស់ប្រទេស សម្រាប់អនាគត ដោយសារប្រទេសនេះនៅតែជាប់គាំង នៅក្នុងជម្លោះអ៊ុយក្រែន និងការប្រឈមមុខដាក់គ្នា ជាមួយលោកខាងលិច។

ផ្ទាំងពាណិជ្ជកម្ម

លោក​ក៏បានថ្លែង​អរគុណ ទៅកាន់​ប្រជាជន​រុស្ស៊ី​ទាំងអស់ ​ដែល​បាន​ធ្វើដំណើរទៅកាន់​ការិយាល័យ​បោះឆ្នោត មិន​ថា​ បេក្ខជន​ណា​ដែល​ពួកគេ​បោះឆ្នោត ​ឲ្យ​នោះ​ទេ ។ លោក​បាន​បន្ថែម​ថា ការ​បោះ​ឆ្នោត​បាន​បង្ហាញ​ថា​ប្រទេស​រុស្ស៊ី ​គឺ​ជាគ្រួសារ​ដ៏​ធំ​មួយ​ដែល​មាន​ចំណង​ដៃ​យ៉ាង​ស្អិត​រមួត ដើរ​តាម​ផ្លូវ​ប្រវត្តិសាស្ត្រ​ ដែល​បាន​ជ្រើស​រើស ហើយ​ទន្ទឹង​រង់ចាំ​ទៅ​ថ្ងៃ​អនាគត ទាំងនោះជាមួយគ្នា ៕

ប្រែសម្រួល៖ស៊ុនលី

To Top