តូក្យូ ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ដា បានប្តេជ្ញា នៅថ្ងៃសៅរ៍នេះថា នឹងពង្រឹងសមត្ថភាព ការពារប្រទេស របស់លោកនៅក្នុងបរិយាកាស សន្តិសុខកាន់តែធ្ងន់ធ្ងរ ។
លោក គីស៊ីដា បានឲ្យដឹងនៅក្នុងសុន្ទរកថា នៅឯពិធីបញ្ចប់ការសិក្សា សម្រាប់បណ្ឌិតសភាការពារជាតិ នៅទីក្រុង Yokosuka ក្បែរទីក្រុងតូក្យូថា “យើងនឹងរារាំងភាពអាសន្ន និងការពារការគំរាមកំហែង ដល់ប្រទេសរបស់យើង ដូចជាការឈ្លានពាន” ។
លោកបានស្នើឱ្យធ្វើការឆ្ពោះ ទៅរកគោលដៅនៃឯកសារ ការពារជាតិសំខាន់ៗចំនួនបី រួមទាំងយុទ្ធសាស្ត្រ សន្តិសុខជាតិ ដែលរដ្ឋាភិបាល បានធ្វើបច្ចុប្បន្នភាពក្នុងខែធ្នូ ឆ្នាំ២០២២ ដើម្បីទទួលបានសមត្ថភាព ប្រឆាំងការវាយប្រហារ ដែលជាការកត់សម្គាល់ ការផ្លាស់ប្តូរដ៏សំខាន់ ពីគោលនយោបាយសន្តិសុខ ក្រោយសង្គ្រាមរបស់ប្រទេសជប៉ុន ក្រោមរដ្ឋធម្មនុញ្ញ ដែលបោះបង់ចោលសង្រ្គាម។
ជាមួយនឹងប្រទេសចិនបន្តពង្រីក សកម្មភាពយោធារបស់ខ្លួន លោក គីស៊ីដា បានលើកឡើងថា មានការប៉ុនប៉ងកើនឡើងដើម្បី “ផ្លាស់ប្តូរស្ថានភាពជាឯកតោភាគី ដោយកម្លាំង” ដោយបន្ថែមថា ប្រទេសជប៉ុនស្ថិតនៅក្នុង “បរិយាកាសសន្តិសុខដ៏លំបាក និងស្មុគស្មាញបំផុត នៃសម័យក្រោយសង្គ្រាម” ។
លោក គីស៊ីដា ក៏បានសំដៅទៅលើវិបត្តិអ៊ុយក្រែន ដោយនិយាយថា “ការផ្លាស់ប្តូរដែលប្រឈមនឹងសណ្តាប់ធ្នាប់អន្តរជាតិ ដែលមានស្រាប់កំពុងក្លាយ ជាភស្តុតាង” ។
ពិធីនេះក៏មានការចូលរួម ដោយរដ្ឋមន្ត្រីការពារជាតិ Minoru Kihara ដែលបានឲ្យដឹងថា យន្តហោះចម្បាំងជំនាន់ក្រោយរបស់ជប៉ុន ដែលគ្រោងនឹងផលិតរួមគ្នា ជាមួយអង់គ្លេស និងអ៊ីតាលី សម្រាប់ដាក់ពង្រាយនៅឆ្នាំ២០៣៥ នឹងបម្រើជា “សសរស្តម្ភនៃសុវត្ថិភាព និងស្ថិរភាពនៅក្នុងពិភពលោក” ៕
ប្រែសម្រួល ឈូក បូរ៉ា