បរទេស ៖ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ ដោយដកស្រង់ប្រភពអនាមិក ដែលដឹងពីការ សម្រេចចិត្តនេះថា ប្រទេសអាល្លឺម៉ង់ បានសន្យាបរិច្ចាគ ប្រាក់ចំនួន ៣០០ លានអឺរ៉ូ (៣២៦ លានដុល្លារ) ផ្សេងទៀត ដែលជាផ្នែកនៃគំនិតផ្តួចផ្តើម ដឹកនាំដោយប្រទេសឆេក ដើម្បីទិញគ្រាប់កាំភ្លើងធំសម្រាប់អ៊ុយក្រែន។ ប្រធានាធិបតីឆែកលោក Petr Pavel បានបង្ហាញគម្រោងនេះ នៅឯសន្និសិទ សន្តិសុខទីក្រុង Munich នៅពាក់កណ្តាលខែកុម្ភៈ ដោយកំណត់គោលដៅ គ្រាប់កាំភ្លើងធំចំនួន ៨០ម៉ឺន គ្រាប់ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ មន្ត្រីអ៊ុយក្រែនបានព្រមានធ្ងន់ធ្ងរ កាន់តែខ្លាំងឡើង ជុំវិញ ការស្តុកទុកគ្រាប់រំសេវ របស់ប្រទេសនេះធ្លាក់ចុះ ដោយសារតែកងទ័ពរបស់ទីក្រុងគៀវ ត្រូវបានបាញ់អស់គ្រាប់ យ៉ាងច្រើននៅជួរមុខ ។
ភាពខ្វះខាតបានកាន់តែខ្លាំងឡើង ចំពេលមានការជាប់គាំង អស់រយៈពេលជាច្រើនខែនៅក្នុងសភាអាមេរិក ដែលពួកសាធារណរដ្ឋ បានបដិសេធមិនផ្តល់ភ្លើងខៀវ ដល់កញ្ចប់ជំនួយបរទេស របស់ប្រធានាធិបតី Joe Biden ដែលគិតជាទឹកប្រាក់ ៦០ ពាន់លានដុល្លារសម្រាប់ទីក្រុងគៀវ។
ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី ក៏បានចោទប្រកាន់សហភាពអឺរ៉ុបផងដែរ ពីការខកខានក្នុងការផ្តល់តាមការសន្យា ក្នុងការផ្តល់គ្រាប់ផ្លោង ចំនួនមួយលាន នៅត្រឹមខែមីនា។
កាលពីថ្ងៃព្រហស្បតិ៍ សារព័ត៌មាន Bloomberg បានផ្សាយថា ការរួមចំណែករបស់អាល្លឺម៉ង់ ចំពោះគំនិតផ្តួចផ្តើមនេះនឹង គ្របដណ្តប់លើការទិញ គ្រាប់ប្រហែល ១៨០.០០០ គ្រាប់ ដែលជាការប៉ាន់ប្រមាណដូចគ្នា នឹងការផ្តល់កាលពីថ្ងៃអង្គារ ដោយរដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសលោក Boris Pistorius ។
ប្រែសម្រួលៈ ណៃ តុលា
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																											 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									