ព័ត៌មានអន្តរជាតិ

Update៖ រុស្ស៊ី ធ្វើពិធីកាន់ទុក្ខដល់អ្នកបាត់បង់ជីវិត ដោយសារអំពើវាយប្រហារ នៅក្រុងម៉ូស្គូ

ម៉ូស្គូ៖ ប្រទេសរុស្ស៊ី បានបន្ទាបទង់ជាតិ ដល់ពាក់កណ្ដាលដើម នៅថ្ងៃអាទិត្យនេះសម្រាប់ថ្ងៃកាន់ទុក្ខ បន្ទាប់ពីមនុស្សរាប់សិបនាក់ ត្រូវបានខ្មាន់កាំភ្លើង បាញ់ប្រហារ ដោយអាវុធស្វ័យប្រវត្តិ នៅឯការប្រគុំតន្ត្រីរ៉ុកមួយនៅជាយ នៃទីក្រុងម៉ូស្គូ ក្នុងការវាយប្រហារ ដ៏សាហាវបំផុត នៅក្នុងប្រទេសរុស្ស៊ីក្នុងរយៈពេល២ទសវត្សរ៍មកនេះ ។
លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានប្រកាសជាថ្ងៃកាន់ទុក្ខជាតិ បន្ទាប់ពីបានសន្យាថា នឹងតាមដាន និងដាក់ទណ្ឌកម្មអ្នកនៅពីក្រោយខ្នង នៃការវាយប្រហារ ដែលបានបណ្តាលឲ្យមនុស្សចំនួន១៣៣នាក់ស្លាប់ ក្នុងនោះមានកុមារចំនួន៣នាក់ និង ជាង១៥០នាក់បានរងរបួស ។

លោក ពូទីន បានថ្លែងដូច្នេះនៅក្នុងសុន្ទរកថា ទៅកាន់ប្រជាជាតិរបស់ខ្លួនកាលពីថ្ងៃសៅរ៍ថា “ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុត ចំពោះអ្នកទាំងអស់ដែលបានបាត់បង់ មនុស្សជាទីស្រលាញ់របស់ពួកគេ” ។ “ប្រទេសទាំងមូល និងប្រជាជនរបស់យើងទាំងមូលកំពុងសោកសៅជាមួយអ្នក” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top