ម៉ូស្គូ៖ កាលពីថ្ងៃសៅរ៍ លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានហៅការវាយប្រហារភេរវកម្មនៅទីនេះ ជាការបង្ហូរឈាម និងព្រៃផ្សៃ ដោយប្តេជ្ញាថា នឹងសងសឹកចំពោះជនល្មើស អ្នករៀបចំ និងអ្នកផ្តល់ហិរញ្ញវត្ថុក្នុងរឿងនេះ ។
លោក ពូទីន បានធ្វើការកត់សម្គាល់ យ៉ាងដូច្នេះនៅក្នុងអំឡុងពេលថ្លែងសុន្ទរកថា តាមទូរទស្សន៍ទៅកាន់ប្រទេស បន្ទាប់ពីការបាញ់ប្រហារដ៏សាហាវ កាលពីល្ងាចថ្ងៃសុក្រនៅឯសាលាក្រុង Crocus នៅភាគពាយព្យនៃទីក្រុងម៉ូស្គូ ដោយបានឆក់យកជីវិតមនុស្សតិចបំផុតចំនួន១៣៣នាក់ ។
លោក ពូទីន បានថ្លែងថា ជនល្មើសទាំង៤នាក់ នៃការវាយប្រហារភេរវកម្មត្រូវបានចាប់ខ្លួន ដោយបានបន្ថែមថា ជនល្មើស អ្នករៀបចំ និងហិរញ្ញវត្ថុទាំងអស់នៃឧក្រិដ្ឋកម្មនេះ នឹងត្រូវទទួលទោសទាំងអស់ ។
លោក ពូទីន បានថ្លែងថា “ពួកគេជាអ្នកណា អ្នកណាជាអ្នកណែនាំឲ្យធ្វើដូច្នេះ ។ ខ្ញុំនិយាយម្តងទៀតថា យើងនឹងកំណត់អត្តសញ្ញាណ និងដាក់ទណ្ឌកម្មអ្នកទាំងអស់ ដែលឈរនៅពីក្រោយពួកភេរវករ ដែលបានរៀបចំអំពើឃោរឃៅនេះឡើង ។ នេះគឺជាការវាយប្រហារប្រឆាំងនឹងរុស្ស៊ី ប្រឆាំងនឹងប្រជាជនរបស់យើង” ។
លោកប្រធានាធិបតីរុស្ស៊ី បានថ្លែងទៀតថា ការវាយប្រហារដោយភេរវករ គឺ “បានគ្រោងទុកយ៉ាងប្រយ័ត្នប្រយែងបំផុត” និង “បានរៀបចំការសម្លាប់រង្គាលលើជនស៊ីវិល” ។
គាត់ក៏បានលើកឡើងផងដែរថា ជនល្មើសបានព្យាយាមលាក់ខ្លួន និងផ្លាស់ទីឆ្ពោះទៅកាន់ប្រទេសអ៊ុយក្រែន ហើយបើយោងទៅតាមព័ត៌មានបឋម គឺជាការ “បង្អួច” ដែលត្រូវបានរៀបចំ សម្រាប់ពួកគេពីភាគីអ៊ុយក្រែន ដើម្បីឆ្លងកាត់ព្រំដែនតែប៉ុណ្ណោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា