បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT តុលាការជាតិរបស់អេស្បាញ បានបញ្ជាឱ្យអ្នកផ្តល់សេវាអ៊ីនធឺណិត ផ្អាកការប្រើប្រាស់សេវាផ្ញើសារបន្ទាន់ Telegram ដោយរង់ចាំការស៊ើបអង្កេត លើការអះអាង នៃការរំលោភសិទ្ធិអ្នកនិពន្ធ ។
សេចក្តីសម្រេចកាលពីថ្ងៃសុក្រ បានកើតឡើងបន្ទាប់ពីអង្គការ ប្រព័ន្ធផ្សព្វផ្សាយឈានមុខគេចំនួនបួន របស់ប្រទេសអេស្បាញMediaset, Atresmedia, Movistar និង Egeda ដែលបានដាក់ពាក្យបណ្តឹង ដោយហេតុផលថា វេទិកានេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់ ចែកចាយមាតិការបស់ពួកគេ ដោយគ្មានការអនុញ្ញាត ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុក ចៅក្រម Santiago Pedraz បានស្នើសុំព័ត៌មានជាក់លាក់ពីម្ចាស់របស់ Telegram ដែលជាផ្នែកមួយ នៃការស៊ើបអង្កេតហើយ បន្ទាប់ពីសំណើនេះ មិនត្រូវបានបំពេញ គាត់បានបញ្ជាឱ្យបិទការចូលប្រើប្រាស់ កម្មវិធីដែលមានប្រសិទ្ធភាពនៅថ្ងៃចន្ទ។
គួរឲ្យដឹងដែរថាTelegram គឺជាសេវាកម្ម ដែលមានមូលដ្ឋានលើ Cloud ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្លាស់ប្តូរសារជាអក្សរ ចែករំលែកឯកសារ ប្រព័ន្ធផ្សព្វផ្សាយ និងធ្វើការ ហៅ ជាសំឡេង និងការផ្សាយ ផ្ទាល់ជាសាធារណៈហើយ វេទិកានេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៣ ដោយសហគ្រិន ដើមកំណើតរុស្ស៊ី Pavel Durov វាបានឈាន ដល់អ្នកប្រើប្រាស់សកម្ម ចំនួន៨០០ លាននាក់ ក្នុងឆ្នាំ ២០២៣ នេះបើ
យោងតាមគេហទំព័រ ព័ត៌មាន ឧស្សាហកម្ម Business of Apps ៕
ប្រែសម្រួល៖ស៊ុនលី