ប៉ារីស៖ រដ្ឋាភិបាលបារាំង បានសម្រេចចិត្តកាលពីថ្ងៃអាទិត្យ ដើម្បីដំឡើងប្រព័ន្ធប្រកាសអាសន្នសន្តិសុខជាតិ Vigipirate ដល់កម្រិតខ្ពស់បំផុតរបស់ខ្លួន ដើម្បីទប់ទល់នឹងការគំរាមកំហែងដ៏មានសក្តានុពល ដែលប្រទេសនេះកំពុងប្រឈមមុខ បន្ទាប់ពីការវាយប្រហារភេរវកម្មដ៏សាហាវកាលពីថ្ងៃសុក្រ នៅទីក្រុងមូស្គូ របស់ប្រទេសរុស្ស៊ី។
នាយករដ្ឋមន្រ្តីលោក Gabriel Attal បានឲ្យដឹងនៅលើគណនី X របស់លោកថា ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានកោះប្រជុំការពារជាតិ និងសន្តិសុខកាលពីយប់ថ្ងៃអាទិត្យនៅវិមាន Elysee បន្ទាប់ពីការវាយប្រហារនៅទីក្រុងមូស្គូ។
លោក Attal បានបន្ថែមថា “ដោយគិតពីការវាយប្រហាររបស់ក្រុម ISIS និងការគំរាមកំហែងដ ល់ប្រទេសរបស់យើង យើងបានសម្រេចចិត្តដំឡើងកម្រិត Vigipirate ដល់កម្រិតខ្ពស់បំផុត នៃការវាយប្រហារគ្រាអាសន្ន”។
យ៉ាងហោចណាស់មនុស្ស ១៣៧នាក់បានស្លាប់នៅក្នុងការវាយប្រហារភេរវកម្ម នៅឯសាលប្រគុំតន្ត្រី ក្នុងទីក្រុងមូស្គូ កាលពីថ្ងៃសុក្រ។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសថ្ងៃទី២៤ ខែមីនា ជាថ្ងៃកាន់ទុក្ខជាតិ នៅក្នុងសុន្ទរកថាជាតិ តាមទូរទស្សន៍កាលពីថ្ងៃសៅរ៍៕
ប្រែសម្រួល ឈូក បូរ៉ា