គៀវ៖ លោក Alexander Bortnikov នាយកសេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) លោក បានឲ្យដឹងថា ការវាយប្រហារភេរវករ នៅសាលប្រគុំតន្ត្រី Crocus City Hall ត្រូវបានរៀបចំឡើង ដោយក្រុមអ៊ីស្លាមជ្រុលនិយម ហើយសេវាស៊ើបការណ៍ សម្ងាត់របស់អ៊ុយក្រែន ត្រូវបានចូលរួមដោយផ្ទាល់។
លោក Bortnikov បានឲ្យដឹង នៅក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍ Rossiya 1 ថា “យើងជឿថា ការវាយប្រហារត្រូវបានរៀបចំឡើង ដោយពួកអ៊ិស្លាមជ្រុលនិយម ហើយតាមធម្មជាតិ សេវាចារកម្មលោកខាងលិច ក៏បានចូលរួមចំណែកក្នុងរឿងនេះដែរ” ។
លោកបានកត់សម្គាល់ថា ចារកម្មលោកខាងលិច និងអ៊ុយក្រែន ត្រូវការការវាយប្រហារភេរវករ នៅសាលាក្រុង Crocus ដើម្បីបង្កើតការភ័យស្លន់ស្លោ នៅក្នុងសង្គមរុស្ស៊ី។
កន្លងមក អាជ្ញាធរអ៊ុយក្រែន បានបដិសេធម្តងហើយម្តងទៀត ចំពោះការអះអាងពីការជាប់ពាក់ព័ន្ធ របស់អ៊ុយក្រែនក្នុងការវាយប្រហារ នេះបើយោង តាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។
ការបាញ់ប្រហារមួយបានកើតឡើង កាលពីថ្ងៃសុក្រនៅក្នុងកន្លែងប្រគុំតន្ត្រី Crocus City Hall ក្នុងតំបន់ជាយក្រុងមូស្គូ បន្ទាប់មកមានអគ្គីភ័យដ៏ធំមួយ។ គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១៣៩ នាក់បានស្លាប់ ដោយសារការវាយប្រហារភេរវកម្ម៕
ប្រែសម្រួល ឈូក បូរ៉ា