បរទេស៖ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក នៅថ្ងៃអង្គារ គឺបានស្វែងរកដើម្បីរឹបអូស អាផាតមិន Manhattan ដែលមានតម្លៃរាប់លានដុល្លារ ដែលត្រូវបានទិញដោយអតីតនាយករដ្ឋមន្ត្រីម៉ុងហ្គោលី ជាមួយនឹងមូលនិធិពីគម្រោងលាងលុយ និងអំពើពុករលួយ។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា មេធាវីអាមេរិកលោក Breon Peace បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សកម្មភាពដកយកសិទ្ធរឹបអូសនៅថ្ងៃនេះ ផ្ញើសារថា សកម្មភាពឧក្រិដ្ឋកម្ម គឺមិនត្រូវបានរាប់បញ្ចូលក្នុងកិច្ចព្រមព្រៀងរបស់ម្ចាស់ផ្ទះ នោះទេ” ។
លោក Peace បាននិយាយថា “ដូចដែលបានចោទប្រកាន់ គឺ អតីតនាយករដ្ឋមន្ត្រីម៉ុងហ្គោលី លោក Batbold បានប្រើប្រាស់អចលនទ្រព្យលំដាប់ខ្ពស់នៅទីក្រុងញូវយ៉ក ដើម្បីបិទបាំងគម្រោងអំពើពុករលួយខុសច្បាប់របស់គាត់”។
លោក Sukhbaatar Batbold អតីតនាយករដ្ឋមន្រ្តីម៉ុងហ្គោលី ដែលបច្ចុប្បន្នជាសមាជិកសភា និងគ្រួសារ គឺបានទិញអាផាតមិនចំនួនពីរនៅកណ្តាលតំបន់ពេញនិយម Manhattan ក្នុងតម្លៃសរុប ១៤ លានដុល្លារក្នុងឆ្នាំ ២០១២ និង ២០១៥។ នេះបើយោងតាមរដ្ឋអាជ្ញាសហព័ន្ធនៅទីក្រុង Brooklyn ។
រដ្ឋអាជ្ញាបាននិយាយថា អាផាតមិន ត្រូវបានទិញដោយទទួលបានប្រាក់ចំណេញពីកិច្ចសន្យារុករករ៉ែតម្លៃ ៦៨លានដុល្លារដែលផ្តល់ទៅឱ្យក្រុមហ៊ុន Catrison Limited ដែលបានចុះបញ្ជីនៅហុងកុងក្នុងឆ្នាំ ២០២២ ដើម្បីទិញការប្រមូលផ្តុំទង់ដែង ពីអណ្តូងរ៉ែទង់ដែង Erdenet ក្នុងប្រទេសម៉ុងហ្គោលី។
ពួកគេបាននិយាយថា ក្រុមហ៊ុន Catrison ដែលជាក្រុមហ៊ុនទើបបង្កើតថ្មីដោយគ្មានបទពិសោធន៍រុករករ៉ែពីមុនត្រូវបានគ្រប់គ្រងដោយលោក Batbold តាមរយៈអន្តរការី ឬអ្នកកណ្តាល៕
ប្រែសម្រួលៈ ណៃ តុលា