ព័ត៌មានអន្តរជាតិ

Update៖ ប្រធានក្រុមសេវាសន្តិសុខ សហព័ន្ធរុស្ស៊ី អះអាងថា ការវាយប្រហារ ដោយភេរវករ នៅសាលប្រគំតន្ត្រី ត្រូវបានរៀបចំឡើងដោយមានការចូល ពីក្រុមស៊ើបការណ៍សម្ងាត់ អ៊ុយក្រែន និងក្រុមជុ្រលនិយមឥស្លាម

រូបភាព៖Afp

ម៉ូស្គូ៖ លោក Alexander Bortnikov ប្រធានក្រុមសេវាសន្តិសុខសហព័ន្ធរុស្ស៊ី ហៅកាត់ថា (FSB) បានអះអាងថា ការវាយប្រហារភេរវករនៅសាលប្រគុំតន្ត្រី Crocus City Hall ត្រូវបានរៀបចំឡើង ដោយក្រុមឥស្លាមជ្រុលនិយម ហើយសេវាស៊ើបការណ៍សម្ងាត់របស់អ៊ុយក្រែន ត្រូវបានចូលរួមដោយផ្ទាល់ផងដែរ ។

លោក Bortnikov បានលើកឡើងដូច្នេះនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Rossiya 1 ថា “យើងជឿជាក់ថា ការវាយប្រហារត្រូវបានរៀបចំឡើង ដោយក្រុមឥស្លាមជ្រុលនិយម ហើយតាមធម្មជាតិ សេវាចារកម្មលោកខាងលិច ក៏បានចូលរួមចំណែកក្នុងរឿងនេះដែរ” ។

លោកបានកត់សម្គាល់ទៀតថា ចារកម្មលោកខាងលិច និងអ៊ុយក្រែន ត្រូវការការវាយប្រហារ ពីភេរវករនៅសាលាក្រុង Crocus ដើម្បីបង្កើតការភ័យស្លន់ស្លោ នៅក្នុងសង្គមរុស្ស៊ី ។

គួរបញ្ជាក់ថា កន្លងមក អាជ្ញាធរអ៊ុយក្រែន បានបដិសេធម្តងហើយម្តងទៀតចំពោះការអះអាង ពីការជាប់ពាក់ព័ន្ធរបស់អ៊ុយក្រែន ក្នុងការវាយប្រហារនេះ ។

គេបានដឹងថា ការបាញ់ប្រហារមួយ បានកើតឡើងកាលពីថ្ងៃសុក្រនៅក្នុងកន្លែងប្រគុំតន្ត្រី Crocus City Hall ក្នុងតំបន់ជាយក្រុងម៉ូស្គូ បន្ទាប់មកមានអគ្គីភ័យដ៏ធំមួយ កើតឡើង ។

គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ចំនួន១៣៩នាក់ បានស្លាប់ដោយសារការវាយប្រហារភេរវកម្មនេះ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top