សេអ៊ូល៖ មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង បានលើកឡើង កាលពីថ្ងៃអង្គារថា រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ដែលគេស្គាល់ថា (កូរ៉េខាងជើង) នឹង “បដិសេធរាល់ការទាក់ទង និងការចរចាជា មួយប្រទេសជប៉ុន” ជុំវិញការរំពឹងទុកនៃកិច្ចប្រជុំកំពូល រវាងប្រទេសទាំង២ ។
ការលើកឡើងនេះ បានកើតឡើងមួយថ្ងៃ បន្ទាប់ពីលោកស្រីប្អូនប្រុស មេដឹកនាំកូរ៉េខាងជើង បានជំរុញឱ្យប្រទេសជិតខាង ធ្វើការសម្រេចចិត្តខាង នយោបាយ សម្រាប់ការធ្វើឱ្យប្រសើរឡើងនៃទំនាក់ទំនងទ្វេភាគី ។
លោកស្រី Kim Yo Jong អនុប្រធានទទួលបន្ទុកកិច្ចការរបស់កូរ៉េខាងជើង បានលើកឡើងថា កិច្ចប្រជុំកំពូលកូរ៉េខាងជើង និងប្រទេសជប៉ុន មិនមែនជាបញ្ហា គួរឱ្យព្រួយបារម្ភនោះទេ ព្រោះថា “ប្រទេសជប៉ុន គ្មានភាពក្លាហានក្នុងការផ្លាស់ ប្តូរប្រវត្តិសាស្រ្ត ជំរុញសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងបោះជំហានដំបូងសម្រាប់ទំនាក់ទំនងថ្មីរវាងកូរ៉េខាងជើង និងជប៉ុន” ។ គណៈកម្មាធិការកណ្តាល នៃគណបក្សពលករកូរ៉េ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ ជាលើកទី២ក្នុងរយៈពេល២ថ្ងៃដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មាន កណ្តាលកូរ៉េ ហៅកាត់ (KCNA)។
លោកស្រី Kim បានថ្លែងថា ប្រទេសជប៉ុន បានបញ្ជាក់ពីគោលជំហររបស់ខ្លួន តាមរយៈសន្និសីទសារព័ត៌មានរបស់ប្រធានខុទ្ទកាល័យរបស់ខ្លួនកាលពីថ្ងៃចន្ទថា ខ្លួនមិនអាចទទួលយកការពិតដែលថា បញ្ហាចាប់ពង្រត់ត្រូវបានដោះស្រាយនោះទេ។
លោកស្រីក៏បានត្អូញត្អែរផងដែរថា ជប៉ុន បានលើកឡើងពីបញ្ហាកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ដោយនិយាយថា ខ្លួនមិនមានជាប់ពាក់ព័ន្ធ ជាមួយនឹងជប៉ុន ហើយបានចោទប្រកាន់ប្រទេសនេះថា “ព្យាយាមជ្រៀតជ្រែកចូល និងដោះស្រាយបញ្ហា ជាមួយការអនុវត្តអធិបតេយ្យភាព ពាក់ព័ន្ធនឹងភាពស្របច្បាប់ របស់កូរ៉េខាងជើង” ។
ដោយលោកស្រីបានថ្លែងទៀតថា រដ្ឋាភិបាលកូរ៉េខាងជើង បានយល់យ៉ាងច្បាស់ជាថ្មីម្តងទៀតនូវអាកប្បកិរិយារបស់ប្រទេសជប៉ុន មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងបានថ្លែងដូច្នេះថា “ភាគីកូរ៉េខាងជើង នឹងមិនយកចិត្តទុកដាក់ និងបដិសេធរាល់ទំនាក់ទំនង និងការចរចាជាមួយភាគីជប៉ុន” ។
លោកស្រី គីម បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ KCNA កាលពីថ្ងៃចន្ទថា នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida កាលពីពេលថ្មីៗនេះបានបង្ហាញពីចេតនារបស់គាត់ ដើម្បីជួបលោក គីម ជុងអ៊ុន ដោយផ្ទាល់ ឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ។ ទាក់ទងនឹងលទ្ធភាពនៃកិច្ចប្រជុំកំពូលមួយ លោក គីម បានជំរុញឱ្យប្រទេសជិតខាងធ្វើការសម្រេចចិត្ត នយោបាយសម្រាប់ជម្រើសជាយុទ្ធសាស្រ្ត ដែលអនុលោមតាមផល ប្រយោជន៍រួមរបស់ខ្លួន ដើម្បីបង្ហាញពីចេតនាពិតរបស់ខ្លួន ក្នុងការកែលម្អទំនាក់ទំនងទ្វេភាគី ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា