ព័ត៌មានអន្តរជាតិ

វៀតណាម កាត់ទោសប្រធានក្រុមហ៊ុន អភិវឌ្ឍន៍អចលនទ្រព្យដែលបោកលុយ ពីអ្នកបណ្តាក់ទុនចំនួន ៣៤៩លានដុល្លារ ឱ្យជាប់ពន្ធនាគារ ៨ឆ្នាំ

VN Express

បរទេស៖ លោក ឌូ អញ ដុង (Do Anh Dung) ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ តាន់ ហួង មិញ (Tan Hoang Minh) ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៨ ឆ្នាំពីបទធ្វើជាម្ចាស់គម្រោងមួយដើម្បីយកលុយចំនួន ៨,៦ពាន់ពាន់លានដុង ស្មើនឹង ៣៤៩លានដុល្លារអាមេរិក ពីអ្នកបណ្តាក់ទុន។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា តុលាការប្រជាជនទីក្រុងហាណូយ បានប្រកាសកាលពីរសៀលថ្ងៃពុធថា កូនប្រុសរបស់លោក និងជានាយកប្រតិបត្តិក្រុមហ៊ុន គឺលោក ឌូ ហួងវៀត ក៏បានទទួលការកាត់ទោសឱ្យ ជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំផងដែរ ពីបទឧក្រិដ្ឋកម្មដូចគ្នា និងក្លែងបន្លំទ្រព្យសម្បត្តិ។

តុលាការបានឱ្យដឹងថា លោក ឌូ អញ ដុង ជាមេខ្លោងដែលផ្តួចផ្តើមគំនិតតាំងពីដើមមក ហើយបានណែនាំពីរបៀបយកប្រាក់ពីជនរងគ្រោះ។ តុលាការបាននិយាយថា លោក ឌូ ហួងវៀត គឺជាអ្នកសមគំនិតដ៏សំខាន់ ប៉ុន្តែមានភាពស្មោះត្រង់ក្នុងការទទួលស្គាល់ឧក្រិដ្ឋកម្ម និងធ្វើតាមបញ្ជារបស់ឪពុករបស់លោក។

ក្រុមហ៊ុន តាន់ ហួង មិញ ប្រតិបត្តិការជាក្រុមហ៊ុនគ្រួសារ។ បុគ្គលិកទាំង៩នាក់ដែលត្រូវបានកាត់ទោសជាមួយលោក ដុង និង លោក ឌូ ហួងវៀត គ្មានអំណាចពិតប្រាកដទេ ហើយបានត្រឹមតែធ្វើតាមបញ្ជាគេប៉ុណ្ណោះ។

ក្រុមហ៊ុនបានចាប់ផ្តើមជួបការលំបាកផ្នែកហិរញ្ញវត្ថុនៅដើមឆ្នាំ ២០២២ ដែលបានជំរុញឱ្យលោក ដុង និង លោក វៀត ស្វែងរកមធ្យោបាយដើម្បីប្រមូលសាច់ប្រាក់។

លោក ឌូ ហួង វៀត បានស្នើផែនការមួយដែលលោក ដុង បានអនុម័ត ដើម្បីចេញមូលបត្របំណុល តាមរយៈសាខារបស់ក្រុមហ៊ុន តាន់ ហួង មិញ។ បន្ទាប់មក លោក វៀត បានបញ្ជាឱ្យអ្នកក្រោមបង្គាប់របស់ខ្លួន ធ្វើការផ្លាស់ប្តូររបាយការណ៍ហិរញ្ញវត្ថុ នៃក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនបី ដូច្នេះពួកគេមានសិទ្ធិ ក្នុងការចេញមូលបត្របំណុល។ លោកវៀតក៏បានអនុម័តគម្រោងក្លែងក្លាយ ដើម្បីទទួលបានការទុកចិត្តពីវិនិយោគិន។

ក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងបីនេះ បានចេញមូលបត្របំណុលចំនួន ៩០លានដែលមានតម្លៃ ១០ ពាន់ពាន់លានដុង ដែលបន្ទាប់មកត្រូវបានទិញដោយក្រុមហ៊ុន តាន់ ហួង មិញ នៅលើឯកសារ បើទោះបីជាវាមិនដែល បានបង់ពេញលេញសម្រាប់ពួកគេក៏ដោយ។

បន្ទាប់មក ក្រុមហ៊ុន តាន់ ហួង មិញ បានលក់មូលបត្របំណុលទៅឱ្យ អ្នកវិនិយោគលក់រាយ ដើម្បីប្រមូលប្រាក់ចំនួន ១៤ ពាន់ពាន់លានដុង។ វាបានប្រើប្រាស់ប្រហែល ៥ ពាន់ពាន់លានដុងដើម្បីបង់ការប្រាក់ និងសមស្របទៅនឹងចំនួនដែលនៅសល់ចំនួន ៨,៦ ពាន់ពាន់លានដុង៕

ប្រែសម្រួលៈ ណៃ តុលា

To Top