ព័ត៌មានអន្តរជាតិ

វៀតណាម កំពុងរៀបចំលក្ខខណ្ឌនាំចេញផ្លែដូងស្រស់ និងទុរេនក្លាសេ ទៅកាន់ប្រទេសចិន

Vietname News

បរទេស៖ អាជ្ញាធរផ្នែកដាំដុះ និងការពាររុក្ខជាតិក្នុងស្រុក និងភ្នាក់ងារពាក់ព័ន្ធ ត្រូវតែរៀបចំបញ្ជីតំបន់ដាំដុះ និងកន្លែងវេចខ្ចប់ ចុះឈ្មោះនាំចេញផ្លែដូងស្រស់ និងទុរេនក្លាសេ ទៅកាន់ប្រទេសចិនមុនថ្ងៃទី ១ ខែមេសា។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ របស់វៀតណាម បានឱ្យដឹងថា ជាមួយនឹងបញ្ជីនេះ វៀតណាមអាចនាំចេញផ្លែដូង និងទុរេនទៅប្រទេសចិនបានភ្លាមៗ បន្ទាប់ពីវៀតណាមត្រូវបានអនុញ្ញាតឱ្យនាំចេញ ជាផ្លូវការនូវផលិតផលទាំងនោះ ទៅកាន់ទីផ្សារប្រទេសជិតខាងដ៏ធំនេះ។

ជាមួយគ្នានេះ នាយកដ្ឋានដាំដុះ និងការពាររុក្ខជាតិរបស់ក្រសួង នឹងសហការជាមួយអនុនាយកដ្ឋានដាំដុះ និងការពាររុក្ខជាតិក្នុងស្រុក ដើម្បីពិនិត្យ និងវាយតម្លៃផ្ទៃដីដាំដុះ និងកន្លែងវេចខ្ចប់ផលិតផលទាំងនោះ។

ពួកគេក៏រៀបចំគ្រឿងបរិក្ខារ និងគ្រឿងចក្រដែលឆ្លើយតបទៅនឹងលក្ខខណ្ឌ នៃការដាក់ឱ្យនៅដាច់ពីគេពីរោងចក្រ និងតម្រូវការសុវត្ថិភាពចំណីអាហារ របស់ប្រទេសនាំចូលផងដែរ។

ផ្លែទុរេនស្រស់របស់វៀតណាម ត្រូវបាននាំចេញជាផ្លូវការទៅកាន់ ប្រទេសចិនចាប់ពីខែកក្កដា ឆ្នាំ ២០២២។ ចំណូលនៃការនាំចេញទុរេនស្រស់ ក្នុងឆ្នាំ២០២៣ បានឡើងដល់កម្រិតខ្ពស់បំផុតគឺប្រហែល ២,៣ពាន់លានដុល្លារ៕

ប្រែសម្រួលៈ ណៃ តុលា

To Top