ព័ត៌មានអន្តរជាតិ

វេទិកាបូអាវ (BFA) ៖ ចលករកម្លាំងសកល ពង្រឹងគោលការណ៍ សន្តិភាពនិងការអភិវឌ្ឍ

ដោយមានប្រទេសចិនជាអ្នកផ្តួចផ្តើម តាមរយៈកម្លាំងរួមគ្នា ក្នុងគោលបំណង ពង្រឹងសន្តិភាព និងពង្រីកការអភិវឌ្ឍ វេទិកាបូអាវ (BFA) ត្រូវបានបង្កើតឡើង នាឆ្នាំ២០០១។ សម្រាប់តំបន់អាស៊ី វេទិកាBFAបានផ្តល់កាលានុវត្តភាព បន្ថែមដល់ថ្នាក់ដឹកនាំបណ្តាប្រទេស នៅតំបន់អាស៊ីបានរួមគ្នា ចាក់បញ្ចូល នូវធាតុចូលសម្រាប់កិច្ចអភិវឌ្ឍ និងសន្តិភាពសម្រាប់ តំបន់និងពិភពលោក ។ ដោយទាក់ទាញគណៈប្រតិភូប្រហែល២០០០នាក់មកពីជាង៦០ប្រទេស និងតំបន់ និងអ្នកសារព័ត៌មាន ជាង១១០០នាក់ មកពី៤០ប្រទេសនិងតំបន់ ពីទីក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន ឆ្នាំ២០២៤នេះ វេទិកាបូអាវសម្រាប់អាស៊ី ក្រោមប្រធានបទ «អាស៊ី និង ពិភពលោក ៖ បញ្ហាប្រឈម និងការទទួល ខុសត្រូវរួម» បានគូសរំលេចពី ថាមពលក្នុងរយៈពេល២៣ឆ្នាំកន្លងមកនេះ បានជំរុញឱ្យវេទិកាបូអាវ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការសាងសង់ឡើងវិញ ការទទួលខុសត្រូវ និងកិច្ច សហប្រតិបត្តិរវាងបណ្តាប្រទេស ទាំងអស់ក្នុងទ្វីបអាស៊ី តាមយន្តការពហុភាគី នៅក្នុងបរិបទដែលពិភពលោក សព្វថ្ងៃកំពុងឆ្លងកាត់ការផ្លាស់ប្តូរ ស៊ីជម្រៅនិងស្មុគស្មាញ ហើយជាពិសេសនៅក្នុងពេល ដែលពិភពលោកទាំងមូលមិន ទាន់មានសន្តិភាពឱ្យគ្រប់គ្រាន់។

ដោយមានគោលបំណងរួម សម្រាប់សេដ្ឋកិច្ច វេទិកាបូអាវ ដែលជួនកាលគេស្គាល់ថាជា «Asian Davos» បានកំពុងនាំតំបន់អាស៊ីក្លាយ ជាតំបន់ពោរពេញដោយសក្តានុពល ក្នុងការធ្វើឱ្យមានកំណើនសេដ្ឋកិច្ចពិភពលោក ដូចទៅនឹងទង្វើរបស់ប្រទេសចិន ដែលបានអនុវត្តនូវគោល នយោបាយសេដ្ឋកិច្ច បើកចំហកាន់តែទូលំទូលាយ ដោយខិតខំជំរុញ និង លើកទឹកចិត្តដល់ កំណើនសេដ្ឋកិច្ច សកលដូចកំណើនសេដ្ឋកិច្ច ឆ្នាំ២០២៣ របស់ប្រទេសចិន ដែលបានកើន ដល់៥.២% ហើយដែលត្រូវបានឃ្លាំមើល យ៉ាងដិតដល់ដោយវិនិយោគិន និងក្រុមបញ្ញាញាណនៅទូទាំង ពិភពលោក ដោយសារសេដ្ឋកិច្ចពិភពលោក ត្រូវការកម្លាំងរុញច្រានពីសេដ្ឋកិច្ច របស់ប្រទេសចិន ដើម្បីធ្វើឱ្យមានភាពប្រាកដ ប្រជាដល់សេដ្ឋកិច្ចសកល ។ របៀបវារៈនានាបានសង្កត់ធ្ងន់ លើសារៈសំខាន់នៃកិច្ចពិភាក្សា ស្តីពីអាស៊ី និងសេដ្ឋកិច្ចពិភពលោក ក៏ដូចជាបញ្ហាប្រឈម ជាសកល ដោយនិយាយថា វេទិកាបូអាវនេះជួយបង្កើតការ យល់ស្រប និងគូរប្លង់មេសម្រាប់អភិបាលកិច្ចសកល ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព ។ គួររំលេចផងដែរថា ដោយសារកំណើន សេដ្ឋកិច្ច របស់ប្រទេសចិន បើទោះបីជាសេដ្ឋកិច្ចពិភពលោក មានកំណើនទាប ត្រូវប្រឈមនឹងការ សើរើរចនាសម្ព័ន្ធ ខ្សែច្រវាក់ផ្គត់ផ្គង់នាពេលថ្មីៗនេះក៏ដោយ ក៏សេដ្ឋកិច្ចអាស៊ីទាំងមូលត្រូវបានគេរំពឹងថា នឹងអាចរួមចំណែក ៦០% ដល់កំណើនផលិតផល ក្នុងស្រុកសរុបជាក់ស្តែង របស់ពិភពលោកក្នុងឆ្នាំ២០២៤នេះ។

បន្ថែមពីលើនេះ សន្តិភាពគឺជាបញ្ញត្តិ គន្លឹះនៅក្នុងគ្រប់វេទិកាទាំងអស់ ដែលបានរៀបចំឡើងដោយប្រទេសចិន ជាក់ស្តែងនៅក្នុងវេទិកាបូអាវ ឆ្នាំ២០២៤នេះ ក្នុងនាមជារដ្ឋបុរសកំពូលដែលបាននាំយក និងថែរក្សាយ៉ាងពេញលេញ ដល់សន្តិភាពពេញបរិបូរណ៍នៅក្នុងប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្របានថ្លែងថា «ការទទួលខុសត្រូវរួមរបស់យើងទាំងអស់គា្ននៅក្នុងតំបន់អាស៊ី គឺការរក្សាសន្តិភាព និងសន្តិសុខនៅក្នុងតំបន់ ដើម្បីធានាថា លទ្ធផលនៃការកាត់បន្ថយភាពក្រីក្រ មិនវិលត្រឡប់ថយក្រោយ និងការធានាជំរុញឱ្យកាន់តែប្រសើរឡើងនូវការអភិវឌ្ឍអនាគត ដើម្បីវិបុលភាពរួមគ្នា»។ ពិភពលោកនៅចាំយ៉ាងច្បាស់ថា កាលពីវេទិកាបូអាវឆ្នាំ២០២២ លោក Xi Jinping ប្រធានរដ្ឋចិនបានដាក់ចេញ នូវប្រាជ្ញាចិ នលើដំណោះស្រាយសន្តិភាព សម្រាប់ពិភពលោកតាមរយៈ«គំនិតផ្តួចផ្តើមសន្តិសុខសកល» ដែលបានរំលេចថា «ប្រវត្តិសាស្ត្ររបស់មនុស្សជាតិ បានប្រាប់យើងថា ពេលវេលាកាន់តែលំបាក យើងកាន់តែត្រូវពង្រឹងជំនឿចិត្ត ។ ប្រទេសនានាត្រូវពួតដៃ គ្នាឆ្លើយតប បញ្ហាប្រឈម និង សហប្រតិបត្តិការ កសាងអនាគត។ សន្តិសុខបុរេជាលក្ខខណ្ឌ នៃការអភិវឌ្ឍ មនុស្សជាតិជាសហគមន៍ សន្តិសុខ រួមដែលមិនអាចកាត់ផ្ដាច់បាន។ គំនិតសង្គ្រាមត្រជាក់មានតែបំផ្លាញក្របខណ្ឌសន្តិភាពទូទាំងពិភពលោក អនុត្តរភាពនិយមនិងនយោបាយកម្លាំង បាយមានតែបំផ្លាញដល់សន្តិភាពពិភពលោក បដិបក្ខជាក្រុមមានតែធ្វើឱ្យបញ្ហា ប្រឈមសន្តិសុខនៅសតវត្សរ៍ទី២១ កាន់តែខ្លាំងឡើង ។

ជារួម វេទិកាបូអាវឆ្នាំ២០២៤ បាននិងកំពុងបន្ថែមពន្លឺរស្មី ដ៏ត្រចះត្រចង់ដល់ទ្វីបអាស៊ី តាមរយៈកំណើនសេដ្ឋកិច្ច របស់ប្រទេសចិន ស្របនឹង គោលនយោបាយការទូត របស់ប្រទេសចិន ដែលតែង សង់ស្ពានមេត្រីភាព ជាមួយបណ្តា ប្រទេស ទាំងអស់ក្នុងពិភពលោក និង យន្តការបង្កើនកិច្ច កសាងសហគមន៍ ជោគវាសនារួម នៃមនុស្សជាតិដោយ ប្រទេសចិន តែងប្រកាសជាប់ជានិច្ចថា ប្រទេសចិន មិនអាចអភិវឌ្ឍខ្លួនឯងនៅដាច់ឆ្ងាយ ពីអាស៊ីនិងពិភពលោកបានឡើយ ហើយពិភពលោកវិញ ក៏ដូចគ្នាដែរ នឹងមិនទទួលបានវិបុលភាពនិងស្ថិរភាព ដោយខ្វះវត្តមាន នៃការចូលរួមយ៉ាងសកម្ម របស់ប្រទេសចិនបានឡើយ។ វេទិកាបូអាវកាន់តែបញ្ជាក់ច្បាស់បន្ថែមទៀតថា វឌ្ឍនភាពរបស់ប្រទេសចិនជាកាលានុវត្តភាព របស់ពិភពលោក ហើយសេដ្ឋកិច្ចចិនកើនឡើង ប្រកបដោយចីរភាព និងគុណភាពខ្ពស់ វាជាកត្តារក្សាស្ថិរភាពនិងក្បាល ម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចពិភពលោក ហើយ តាមរយៈវេទិកា បូអាវនេះ បណ្តាប្រទេស ទាំងអស់នៅអាស៊ី បាននិងកំពុងប្រកៀក ស្មាជាមួយ ប្រទេសចិន ដោយចូលរួមយ៉ាង សកម្មនៅក្នុង កិច្ចការពហុភាគី និងលើកកម្ពស់ការ កែទម្រង់ប្រព័ន្ធ អន្តរជាតិ និង អភិបាលកិច្ច ជាសកល ដើម្បីឲ្យរួមគ្នា ដោះស្រាយនូវបញ្ហាសកល ប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕
ដោយបណ្ឌិត ជា មុនីឫទ្ធិ សមាជិកគណៈប្រតិបត្តិ សមាគមមិត្តភាពកម្ពុជា-ចិន

To Top