បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃពុធថា ទីក្រុងមូស្គូមិនស្វែងរកការប្រឈមមុខដាក់គ្នាជាមួយក្រុមប្រទេសចំណុះរបស់អាមេរិកនៅអឺរ៉ុបខាងកើតនោះទេ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា មន្ត្រីលោកខាងលិចជាច្រើនបានព្យាយាមបង្កើនការគាំទ្រសម្រាប់ជំនួយបន្ថែមដល់អ៊ុយក្រែន ដោយអះអាងថា ទីក្រុងម៉ូស្គូនឹងមិនបញ្ឈប់ឡើយ ប្រសិនបើទីក្រុងគៀវត្រូវបរាជ័យក្នុងសមរភូមិ។ លោក ពូទីន បានលើកឡើងពីការអះអាងទាំងនេះ ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់មូលដ្ឋានទ័ពអាកាស Torzhok ក្នុងតំបន់ Tver។
ប្រធានាធិបតីរុស្ស៊ីបាននិយាយថា “នេះគ្រាន់តែជារឿងមិនសមហេតុសមផល” ដោយកត់សម្គាល់ពីភាពខុសគ្នានៃការចំណាយលើវិស័យការពារជាតិរបស់រុស្ស៊ី និងថវិការបស់យោធាណាតូ។ «ការអះអាងថា យើងនឹងវាយប្រហារអឺរ៉ុបបន្ទាប់ពីអ៊ុយក្រែន វាជារឿងមិនសមហេតុផល និងជាការបំភិតបំភ័យប្រជាជនខ្លួនឯងដើម្បីយកលុយពីពួកគេ»។
លោកពូទីនបានបន្ថែមថា “ផ្កាយរណប” របស់អាមេរិកនៅអឺរ៉ុបខាងកើតមិនមានហេតុផលអ្វីដែលត្រូវភ័យខ្លាចនោះទេ។ ការពិភាក្សាអំពីការវាយប្រហារដ៏មានសក្តានុពលរបស់រុស្ស៊ីលើប្រទេសប៉ូឡូញ សាធារណរដ្ឋឆេក ឬរដ្ឋបាល់ទិក គឺគ្រាន់តែជាការឃោសនាដោយរដ្ឋាភិបាលដែលព្យាយាមបំភ័យប្រជាពលរដ្ឋរបស់ពួកគេ “ដើម្បីទាញយកការចំណាយបន្ថែមពីប្រជាជន ដើម្បីធ្វើឱ្យពួកគេទទួលបន្ទុកនេះនៅលើស្មា”។
លោកប្រធានាធិបតីបានកត់សម្គាល់ថា អង្គការណាតូ បាននិងកំពុងពង្រីកខ្លួនឆ្ពោះទៅកាន់ព្រំដែននៃប្រទេសរុស្ស៊ី មិនមែនមធ្យោបាយផ្សេងទៀតនោះទេ ដោយលោកប្រធានាធិបតីបានកត់សម្គាល់ថា ប្រទេសរុស្ស៊ីគ្រាន់តែ “ការពារប្រជាជនរបស់យើងនៅលើទឹកដីប្រវត្តិសាស្ត្ររបស់យើងប៉ុណ្ណោះ” ៕
ប្រែសម្រួលៈ ណៃ តុលា