តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានអំពាវនាវឱ្យរដ្ឋាភិបាល និងអង្គការអន្តរជាតិនានា បំពេញ “ការទទួលខុសត្រូវផ្នែកច្បាប់ និងប្រវត្តិសាស្ត្រ” របស់ពួកគេ ហើយចាត់វិធានការ ដើម្បីបញ្ឈប់ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍របស់អ៊ីស្រាអែល ប្រឆាំងនឹងប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា។
លោកបានធ្វើការកត់សម្គាល់នៅក្នុងការបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ដោយលើកឡើងថាជាភស្តុតាងនៃ “ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍” របស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា របាយការណ៍មួយ ដែលមានចំណងជើងថា “កាយវិភាគសាស្ត្រនៃអំពើប្រល័យពូជសាសន៍” បង្ហាញជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UNHRC) នៅទីក្រុងហ្សឺណែវ កាលពីថ្ងៃអង្គារ ដោយ Francesca និងអាល់បានី អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សក្នុងទឹកដីប៉ាឡេស្ទីនកាន់កាប់។
លោក Kanani បានឲ្យដឹងថា “ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍របស់អ៊ីស្រាអែលប្រឆាំងនឹងប៉ាឡេស្ទីនឥឡូវនេះត្រូវបានបញ្ជាក់ និងអះអាងដោយអ្នករាយការណ៍ពិសេសនៅ UNHRC”។
លោកបន្ដថា “ឥឡូវនេះរដ្ឋាភិបាល និងសភានយោបាយ និងច្បាប់អន្តរជាតិ មិនត្រឹមតែស្ថិតនៅក្រោមការវិនិច្ឆ័យរបស់មតិសាធារណៈពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែក៏ដល់ការវិនិច្ឆ័យប្រវត្តិសាស្ត្រផងដែរ”។
ក្រសួងសុខាភិបាលដែលមានមូលដ្ឋាននៅហ្គាហ្សាបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ជនជាតិប៉ាឡេស្ទីនសរុបចំនួន ៣២,៥៥២នាក់ត្រូវបានសម្លាប់ និងជាង ៧៤,៩៨០នាក់ផ្សេងទៀតបានរងរបួសនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីអ៊ីស្រាអែល បានចាប់ផ្តើមការវាយលុកប្រឆាំងនឹងក្រុមហាម៉ាសកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣។
ជម្លោះបានចាប់ផ្តើមបន្ទាប់ពីក្រុមហាម៉ាស បានបើកការវាយប្រហារ ដែលមិនធ្លាប់មានពីមុនមកលើភាគខាងត្បូងអ៊ីស្រាអែល ដែលបានឆក់យកជីវិតប្រជាជនអ៊ីស្រាអែលប្រហែល ១,២០០ នាក់ និងបានចាប់មនុស្សជាង ២៥០នាក់ធ្វើជាចំណាប់ខ្មាំង នេះបើយោងតាមអាជ្ញាធរអ៊ីស្រាអែល៕
ប្រែសម្រួល ឈូក បូរ៉ា