ព័ត៌មានអន្តរជាតិ

Update៖ តុលាការយុត្តិធម៌អន្តរជាតិ បញ្ជាឲ្យអ៊ីស្រាអ៊ែល ធានាដល់ការផ្តល់ជំនួយ មនុស្សធម៌ជាបន្ទាន់

Xinhua

ឡាអេ៖ កាលពីថ្ងៃព្រហស្បតិ៍ តុលាការយុត្តិធម៌ អន្តរជាតិ ហៅកាត់ថា ICJ បានបញ្ជាឱ្យអ៊ីស្រាអ៊ែល “ធានាឱ្យមានជំនួយ មនុស្សធម៌ជាបន្ទាន់” នៅក្នុងតំបន់ហ្គាហ្សា ដោយមិនបង្អង់យូរ ដោយលើកឡើងថា “គ្រោះទុរ្ភិក្សបានចូលមកដល់ហើយ” ។

ដីកាចុងក្រោយរបស់ ICJ បានកើតឡើងនៅគ្រាដែលការប្រយុទ្ធគ្នា តាមដងផ្លូវដ៏ខ្លាំងក្លា បានបន្តផ្ទុះឡើងនៅ ក្នុងតំបន់ហ្គាហ្សា ដែលត្រូវបានឡោមព័ទ្ធ ហើយអង្គការសប្បុរសធម៌ផ្នែកវេជ្ជសាស្រ្តដ៏ធំមួយបានឲ្យដឹងថា ខ្លួន “មិនបានឃើញការផ្លាស់ប្តូរណាមួយទេ” ចាប់តាំងពីដំណោះស្រាយ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ នៅក្នុងសប្តាហ៍នេះ ទាមទារឲ្យមានបទឈប់បាញ់ជាបន្ទាន់ ។

តុលាការ ICJ បានបញ្ជាក់ថា “អ៊ីស្រាអ៊ែល នឹង … ចាត់វិធានការចាំបាច់ និងមានប្រសិទ្ធភាពទាំងអស់ ដើម្បីធានាដោយគ្មានការពន្យាពេល … ការផ្តល់ដោយគ្មានឧបសគ្គ … នៃសេវាកម្មជាមូលដ្ឋានដែលត្រូវការជាបន្ទាន់ និងជំនួយមនុស្សធម៌” នៅទីក្រុងហ្គាហ្សា ។

តុលាការដែលមានមូលដ្ឋាន នៅទីក្រុងឡាអេ បានឲ្យដឹងថា “ពលរដ្ឋប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាលែងប្រឈមមុខ នឹងហានិភ័យនៃគ្រោះទុរ្ភិក្សទៀតហើយ ប៉ុន្តែ… ទុរ្ភិក្សកំពុងកើតមាន” ។

សង្រ្គាមបានផ្ទុះឡើង បន្ទាប់ពីការវាយប្រហារ ដែលមិនធ្លាប់មានពីមុន មករបស់ក្រុមហាម៉ាស់ មកលើអ៊ីស្រាអ៊ែល ពីតំបន់ហ្គាហ្សា កាលពីថ្ងៃទី៧ ខែតុលាឆ្នាំមុន ដែលបណ្តាលឱ្យមាន អ្នកស្លាប់ប្រហែល១.១៦០នាក់ ដែលភាគច្រើនជាជនស៊ីវិល ។ នេះបើយោងតាមតួលេខរបស់ទីភ្នាក់ងារ AFP ផ្អែកលើតួលេខផ្លូវការរបស់អ៊ីស្រាអ៊ែល ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top