ព័ត៌មានអន្តរជាតិ

ការវាយប្រហារតាម អាកាសរបស់អ៊ីស្រាអែល សម្លាប់ជនជាតិប៉ាឡេស្ទីន ១៩នាក់ នៅតំបន់ហ្គាហ្សា

AFP

ហ្គាហ្សា៖ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ ដែលគ្រប់គ្រងដោយក្រុមហាម៉ាសបានឲ្យដឹងថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ១៩នាក់ រួមទាំងមន្ត្រីប៉ូលីសម្នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែលនៅភាគខាងកើតនៃទីក្រុងហ្គាហ្សា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហាម៉ាសបានឲ្យដឹងថា កងទ័ពអ៊ីស្រាអែល បានសម្លាប់សមាជិករបស់ខ្លួនចំនួន ១០នាក់ និងជនស៊ីវិល ២នាក់ រួមទាំងស្ត្រីប៉ាឡេស្ទីនម្នាក់ផងដែរ នៅក្នុងការវាយប្រហារសំដៅ ទៅលើកម្លាំងសន្តិសុខប៉ូលីស ដែលកំពុងធ្វើសកម្មភាពមនុស្សធម៌នៅឯក្លឹបកីឡា Shujaiya ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា នៅក្នុងការវាយប្រហារមួយផ្សេងទៀត កងទ័ពអ៊ីស្រាអែល “បានធ្វើឃាតមន្រ្តីប៉ូលីស” បន្ទាប់ពីបានបុករថយន្តរបស់លោកនៅរង្វង់មូល Al-Sanafour ក្នុងសង្កាត់ Shujaiya ដែលបណ្តាលឱ្យមនុស្ស ៧ នាក់ស្លាប់។

ក្រុមហាម៉ាសបានថ្កោលទោស “ឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយកងទ័ពអ៊ីស្រាអែល និងការបន្តកំណត់គោលដៅ លើកងកម្លាំងប៉ូលិសស៊ីវិល ដែលផ្តល់សេវាមនុស្សធម៌ ដល់ប្រជាជនប៉ាឡេស្ទីន” ដោយអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោស ការរំលោភច្បាប់អន្តរជាតិរបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប៕

ប្រែសម្រួល ឈូក បូរ៉ា

To Top