ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ថ្កោលទោស​ការ​វាយ​ប្រហារ ​តាម​អាកាស ​របស់​អ៊ីស្រាអែល លើ​ក្រុង​អាឡេប៉ូ របស់​ស៊ីរី

Xinhua

តេអេរ៉ង់ ៖ អ្នកនាំពាក្យ ក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល ដែលបានសម្លាប់មនុស្សលើតំបន់ ដែលនៅជិតទីក្រុងអាឡេប៉ូ ភាគខាងជើងនៃប្រទេសស៊ីរី កាលពីព្រឹកព្រលឹម ថ្ងៃសុក្រម្សិលមិញនេះ ។

លោកបានធ្វើការកត់សម្គាល់ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួងការបរទេសអ៊ីរ៉ង់ ខណៈពេលដែលលោកបាន ចូលរួមរំលែកទុក្ខ និងការអាណិតអាសូរដល់រដ្ឋាភិបាល និងប្រជាជនស៊ីរី ជាពិសេសក្រុមគ្រួសារនៃអ្នកស្លាប់ និងរបួសនៅក្នុងការវាយប្រហារ “ដ៏ព្រៃផ្សៃ”។

យោងតាមក្រសួងការពារជាតិស៊ីរី បានឲ្យដឹងថា យោធាអ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាសពីទិសដៅ Athria ភាគអាគ្នេយ៍នៃទីក្រុងអាឡេប៉ូ ដោយផ្តោតលើទីតាំងជាច្រើន នៅក្នុងទីជនបទនៃទីក្រុងអាឡេប៉ូ នៅម៉ោងប្រហែល ១ និង ៤៥ នាទីព្រឹក ម៉ោងក្នុងស្រុក។

ចំនួនអ្នកស្លាប់ដោយសារការ វាយប្រហារបានកើន ឡើងដល់ ៤២នាក់ នេះបើយោងតាមក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ដែលជាក្រុមឃ្លាំមើល ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top