នីកូស៊ី៖ ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលរដ្ឋ Cyprus បានរាយការណ៍មកថា ការដឹកជញ្ជូនជំនួយស្បៀងអាហារប្រហែល៨៧៥តោនសម្រាប់អ្នកស្រុកហ្គាហ្សា បានចាកចេញពីកំពង់ផែកាលពីព្រឹកថ្ងៃសៅរ៍ ។
ទីភ្នាក់ងារខាងលើបានឲ្យដឹងថា ស្បៀងអាហារទាំងនោះ គឺភាគច្រើនជាម្សៅ អង្ករ និងស្ករ ត្រូវបានផ្ទុកនៅលើនាវាចំនួន៣និងវេទិកាមួយ ដែលនៅខាងក្រៅកំពង់ផែរួចហើយ ហើយកំពុងធ្វើដំណើរទៅកាន់តំបន់ហ្គាហ្សា។
គួរបញ្ជាក់ថា នេះគឺជាការដឹកជញ្ជូនជំនួយលើកទី២ទៅកាន់តំបន់ហ្គាហ្សា ដោយចេញពី Larnaca ចាប់តាំងពីច្រករបៀងជំនួយសមុទ្រ Amalthea ត្រូវបានផ្តួចផ្តើមបើកដំណើរការកាលពីថ្ងៃទី១២ ខែមីនា ។ ជំនួយនេះនឹងត្រូវដាក់នៅផែជាបណ្តោះអាសន្នដែលសាងសង់នៅលើឆ្នេរសមុទ្រ ហ្គាហ្សា ។
លោក Yiannis Antoniou អ្នកនាំពាក្យរងរដ្ឋាភិបាល បានឲ្យដឹងនៅមុនពេលចេញដំណើរនៃនាវានេះថា ស្បៀងទាំងនេះត្រូវបានត្រួតពិនិត្យរួចហើយដោយអាជ្ញាធររបស់ប្រទេស Cyprus ហើយការត្រួតពិនិត្យចាំបាច់ត្រូវបានធ្វើឡើងដោយជនជាតិអ៊ីស្រាអ៊ែល ។
ស្ថិតក្រោមកិច្ចព្រមព្រៀងដែលបានឈានដល់ជាមួយអ៊ីស្រាអ៊ែល សម្រាប់ការដកបម្រាមបិទច្រកសមុទ្រឆ្នាំ២០០៧នៃតំបន់ហ្គាហ្សា ភ្នាក់ងារសន្តិសុខអ៊ីស្រាអ៊ែល ត្រូវបានផ្តល់សិទ្ធិក្នុងការពិនិត្យមើលធាតុជំនួយនៅមុនពេលផ្ទុកនៅកំពង់ផែ Larnaca ។
ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ ហៅកាត់ថា (OCHA) បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា មានមនុស្សជាង១,១លាននាក់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបកំពុងប្រឈមមុខនឹង “កម្រិតអសន្តិសុខស្បៀងអាហារយ៉ាងខ្លាំងបំផុត” ខណៈដែលអ៊ីស្រាអ៊ែល បានរារាំងជំនួយមិនឱ្យចូលទៅក្នុងរង្វង់តំបន់នោះឡើយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា