បរទេស៖ ក្រសួងការពារជាតិហូឡង់ បានប្រកាសនៅសប្តាហ៍នេះថា ប្រទេសហូឡង់នឹងដាក់ពង្រាយ អង្គភាពការពារដែនអាកាស Patriot ទៅកាន់សម្ព័ន្ធមិត្តណាតូរបស់ខ្លួន គឺប្រទេសលីទុយអានី ដែលជាផ្នែកនៃសមយុទ្ធការពារ ដែនអាកាសរួមគ្នានៅរដូវក្តៅ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា យោធាហូឡង់បានអះអាងនៅក្នុង សេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា សមយុទ្ធរយៈពេលជាច្រើនសប្តាហ៍ គឺមានសារៈសំខាន់ក្នុងការពង្រឹងការ ការពារដែនអាកាសនៅលើផ្នែកខាងកើត។ គោលដៅដែលបានបញ្ជាក់គឺ ដើម្បីសាកល្បងសមត្ថភាពរបស់កងទ័ពណាតូ ក្នុងការដឹកជញ្ជូន និងពង្រាយអង្គភាពទាំងនោះយ៉ាងឆាប់រហ័ស ទៅកាន់តំបន់ដែលបានផ្តល់ឱ្យ។
រដ្ឋមន្ត្រីការពារជាតិហូឡង់ លោកស្រី Kajsa Ollongren បានអះអាងនៅក្នុងការចេញផ្សាយថា ការសម្រេចចិត្តដាក់ប្រព័ន្ធការពារមីស៊ីល ផលិតដោយសហរដ្ឋអាមេរិកនៅជិតព្រំដែនរុស្ស៊ី គឺដើម្បី”រួមចំណែកដល់ការត្រៀមខ្លួន ការពារដែនអាកាសរបស់ណាតូ” ។
រដ្ឋាភិបាលទីក្រុង វីលន័ស បានស្វាគមន៍សមយុទ្ធនេះថាជាព័ត៌មានដ៏ល្អ ដោយបានកត់សម្គាល់ថា ហូឡង់នឹងធ្វើការហ្វឹកហាត់ នៅក្នុងការដាក់ពង្រាយឡើងវិញ ដោយមិនមានការជូនដំណឹងអំពីអង្គភាពបែបនេះ ជាមួយកងកម្លាំងប្រដាប់អាវុធលីទុយអានី។ រដ្ឋមន្ត្រីការពារជាតិលីទុយអានី លោក Laurynas Kasciunas បាននិយាយកាលពីថ្ងៃសុក្រថា កងកម្លាំងពង្រឹងវត្តមានឆ្ពោះទៅមុខ របស់ប្លុកយោធាដែលដឹកនាំ ដោយសហរដ្ឋអាមេរិកគឺ “មានសារៈសំខាន់សម្រាប់ សន្តិសុខរបស់រដ្ឋបាល់ទិក” ដោយអំពាវនាវឱ្យមានការដាក់ពង្រាយ និងសមយុទ្ធបន្ថែមទៀតដែល ពាក់ព័ន្ធនឹងយន្តហោះរបស់អង្គការណាតូ និងប្រព័ន្ធការពារដែនអាកាស ដែលមានមូលដ្ឋាននៅក្នុងប្រទេស។
វាមិនច្បាស់ថាការដាក់ពង្រាយអង្គភាព Patriot របស់ហូឡង់នៅលីទុយអានី នឹងពាក់ព័ន្ធនឹងអ្វីនោះទេ។ ប្រព័ន្ធជើងទម្ររបស់ប្រព័ន្ធការពារ ដែនអាកាសមានគ្រឿងបំពាក់លើឡាន ដឹកទំនិញជាច្រើន រួមទាំងថាមពល រ៉ាដា អង់តែន ការគ្រប់គ្រងការចូលរួម និងយានជំនិះជំនួយផ្សេងទៀត ក៏ដូចជាកាំជ្រួចរហូតដល់ប្រាំបី ដែលមានកាំជ្រួចស្ទាក់ចាប់។
ប្រទេសហូឡង់គឺជាប្រទេសមួយ ក្នុងចំណោមប្រទេសមួយចំនួនដែល ផ្គត់ផ្គង់ប្រព័ន្ធការពារមីស៊ីល Patriot ចំនួនពីររបស់ពួកគេទៅកាន់អ៊ុយក្រែន រួមជាមួយនឹងសហរដ្ឋអាមេរិក និងអាល្លឺម៉ង់ ។
ការដាក់ពង្រាយនេះនឹងធ្វើតាម សមយុទ្ធយោធាដែលកំពុងបន្ត របស់អង្គការណាតូឈ្មោះ Steadfast Defender 2024 ដែលជាសមយុទ្ធដ៏ធំបំផុតមួយ ក្នុងទសវត្សរ៍ដែលមានទាហានប្រហែល ៩០.០០០ នាក់ រថយន្តប្រយុទ្ធជាងមួយពាន់គ្រឿង នាវាកងទ័ពជើងទឹកជាង ៥០ គ្រឿង, ឧទ្ធម្ភាគចក្រ ៨០ គ្រឿង យន្តហោះគ្មានមនុស្សបើក និងយន្តហោះចម្បាំង មកពីរដ្ឋជាសមាជិកទាំងចំនួន ៣២៕
ប្រែសម្រួលៈ ណៃ តុលា