បរទេស៖ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងកំពុងដំណើរការដើម្បីសម្អាតកំទេចកំទីដែករាប់ពាន់តោនពីស្ពានដែលបាក់នៅកំពង់ផែ Baltimore សហរដ្ឋអាមេរិក, អភិបាលរដ្ឋ Maryland លោក Wes Moore កាលពីថ្ងៃអាទិត្យបានជំរុញឱ្យគណបក្សសាធារណរដ្ឋធ្វើការជាមួយគណបក្សប្រជាធិបតេយ្យ ដើម្បីអនុម័តថវិកាសហព័ន្ធដែលត្រូវការសម្រាប់ការសាងសង់ស្ពានឡើងវិញ និងដើម្បីទទួលបានសេដ្ឋកិច្ចសម្រាប់កំពង់ផែឡើងវិញ។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ស្ពាន Francis Scott Key ក្នុងទីក្រុង Baltimore រដ្ឋ Maryland បានបាក់កាលពីព្រឹកថ្ងៃអង្គារ ដោយបានសម្លាប់កម្មករធ្វើផ្លូវចំនួន ៦ នាក់ នៅពេលដែលកប៉ាល់កុងតឺន័រដែលមានទំហំប៉ុនប៉ម Eiffel បានរលត់ម៉ាស៊ីន និងបានបុកជាមួយស្ពានតែម្តង។ ចំណែកភាគច្រើនបានធ្លាក់ចូលទៅក្នុងទន្លេ Patapsco ដោយរារាំងច្រកធ្វើដំណើរដឹកជញ្ជូនរបស់ទីក្រុង Baltimore ។
រដ្ឋបាលរបស់ប្រធានាធិបតី Joe Biden បានបញ្ចេញជំនួយសង្គ្រោះបន្ទាន់ដំបូងចំនួន ៦០លានដុល្លារកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីជួយសម្អាតកំទេចកំទីស្ពាន និងបើកកំពង់ផែឡើងវិញ ដែលជាច្រកដ៏ធំបំផុតនៅសហរដ្ឋអាមេរិកសម្រាប់ការនាំចូល និងនាំចេញយានជំនិះ ឧបករណ៍កសិដ្ឋាន និងសំណង់។ កំពង់ផែនេះត្រូវបានបិទតាំងពីថ្ងៃអង្គារ ដោយបន្សល់ទុកនូវភាពមិនប្រាកដប្រជានៃការងាររបស់មនុស្សប្រហែល ១៥.០០០ នាក់ ដែលពឹងផ្អែកលើប្រតិបត្តិការប្រចាំថ្ងៃរបស់ខ្លួន។
កាសែត Roll Call បានរាយការណ៍ថា មន្ត្រីសហព័ន្ធបានប្រាប់សមាជិកសភារដ្ឋ Maryland ការចំណាយចុងក្រោយនៃការសាងសង់ស្ពានឡើងវិញអាចកើនឡើងដល់យ៉ាងហោចណាស់ ២ ពាន់លានដុល្លារ៕ ប្រែសម្រួលៈ ណៃ តុលា