បរទេស៖ វ៉ាស៊ីនតោនបានផ្ញើសារយ៉ាងច្បាស់ មួយទៅសមាជិកអង្គការណាតូនៅអឺរ៉ុបថា ពួកគេមិនអាចពឹងផ្អែកលើការការពារយោធារបស់ខ្លួនបានទៀតទេ។ នេះបើតាម ប្រមុខក្រុមហ៊ុនការពារជាតិយក្សរបស់អាល្លឺម៉ង់ Rheinmetall បានអះអាង។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់នាយកប្រតិបត្តិក្រុមហ៊ុនគឺលោក Armin Papperger បានប្រាប់កាសែត Financial Times ថា អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដែលសហភាពអឺរ៉ុបបានទទួលយកវាសម្រាប់ការយល់ព្រមថា សហរដ្ឋអាមេរិកនឹងមកជួយសង្គ្រោះខ្លួនក្នុងករណីសង្រ្គាម ប៉ុន្តែ “វានឹងលែងកើតឡើងទៀតហើយ” ដោយលោកបានលើកឡើងពីការបរាជ័យរបស់សភាអាមេរិកក្នុងការអនុម័តបន្តជំនួយយោធាដល់អ៊ុយក្រែន ជាសញ្ញាមួយប្រាប់ដល់អឺរ៉ុបថា អាមេរិកមិនមានឆន្ទៈក្នុងការចំណាយសម្រាប់សន្តិសុខរបស់អឺរ៉ុបឡើយ។
សហរដ្ឋអាមេរិកមានកាតព្វកិច្ចក្នុងសន្ធិសញ្ញា ដើម្បីពិចារណាការវាយប្រហារលើ សមាជិកណាតូណាមួយថា ជាការវាយប្រហារលើខ្លួនឯងដែរ។ អ្វីដែលហៅថាការប្តេជ្ញាចិត្តមាត្រា ៥ ត្រូវបានចោទជាសំណួរដោយអតីតប្រធានាធិបតី Donald Trump ដែលបានអះអាងថា ការការពាររបស់សហរដ្ឋអាមេរិកគួរតែមានលក្ខខណ្ឌសម្រាប់សមាជិកប្លុកផ្សេងទៀតដែលបំពេញកាតព្វកិច្ចចំណាយ យោធារបស់ពួកគេ។
លោក Trump អះអាងថា លោកបាននិយាយយ៉ាងច្រើនទៅកាន់មេដឹកនាំអឺរ៉ុបមួយរូប ពេលកំពុងកាន់តំណែងជាប្រធានាធិបតីអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអាមេរិកលោក Joe Biden បានបរិហារការលើកឡើងនេះថាជា «គ្រោះថ្នាក់» និង «មិនមែនអាមេរិក»៕
ប្រែសម្រួលៈ ណៃ តុលា