យូអិន៖ អ្នកនាំពាក្យ បានឲ្យដឹងថា អង្គការសហប្រជាជាតិ កំពុងរៀបចំបេសកកម្មមួយទៅកាន់មន្ទីរពេទ្យ Al Shifa ក្នុងទីក្រុងហ្គាហ្សា បន្ទាប់ពីមានការដកទ័ពអ៊ីស្រាអែល ចេញពីបរិវេណនោះ។
លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានឲ្យដឹងថា “យើងកំពុងរៀបចំផែនការបេសកកម្មទៅកាន់មន្ទីរពេទ្យឱ្យបានឆាប់តាម ដែលយើងអាចទៅដល់ទីនោះ ដើម្បីជួយមនុស្សឱ្យទទួលបានការយកចិត្តទុកដាក់ខាងវេជ្ជសាស្ត្រ និងដើម្បីវាយតម្លៃស្ថានភាពនៃមន្ទីរពេទ្យ”។
អ្នកនាំពាក្យរូបនេះបានលើកឡើងថា អង្គការសុខភាពពិភពលោក (WHO) កំពុងរង់ចាំភាពចម្រូងចម្រាស និងការធានាសុវត្ថិភាពត្រឹមត្រូវពីរដ្ឋាភិបាលអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
បុគ្គលិករបស់ WHO កំពុងព្យាយាមទៅឱ្យលឿនតាមដែលអាចធ្វើទៅបាន។ យោងតាមលោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកបានឱ្យដឹងថា ព័ត៌មានដែលពួកគេបានទទួល គឺពិតជាអាក្រក់ណាស់។
ទន្ទឹមនឹងនេះ នៅមន្ទីរពេទ្យ Al Aqsa នៅកណ្តាលតំបន់ហ្គាហ្សា ក្រុមអង្គការសុខភាពពិភពលោក កំពុងបំពេញបេសកកម្មមនុស្សធម៌នៅទីនោះ កាលពីថ្ងៃអាទិត្យ នៅពេលដែលជំរុំតង់មួយនៅក្នុងបរិវេណមន្ទីរពេទ្យត្រូវបានវាយប្រហារដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។ មនុស្ស ៤នាក់ត្រូវបានគេរាយការណ៍ថា បានស្លាប់ និង១៧នាក់ផ្សេងទៀតរងរបួស ។
លោកបានបន្ដថា ក្រុមការងាររបស់ WHO បាននៅមន្ទីរពេទ្យ ដើម្បីវាយតម្លៃតម្រូវការ និងប្រមូលឧបករណ៍ភ្ញាស់ ដែលត្រូវបញ្ជូនទៅមណ្ឌលសុខភាពនៅភាគខាងជើងតំបន់ហ្គាហ្សា៕ ប្រែសម្រួល ឈូក បូរ៉ា