បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu បាននិយាយ កាលពីថ្ងៃអង្គារថា កងកម្លាំងអ៊ុយក្រែន បានបាត់បង់ទាហានជាង៨ម៉ឺននាក់ ចាប់តាំងពីដើមឆ្នាំមក
ដោយបន្ថែមថា យោធារុស្ស៊ីកំពុងបន្តកាត់បន្ថយ សក្តានុពលប្រយុទ្ធ របស់សត្រូវបានយ៉ាងជោគជ័យ ។
ក្នុងនោះផងដែរសម្ភារៈយោធាជាង ១៤០០០ បំណែកក៏ត្រូវបានបំផ្លាញ ដោយកងកម្លាំងរុស្ស៊ីចាប់តាំងពីខែមករា រួមទាំងរថក្រោះចំនួន ១២០០ គ្រឿង និងរថពាសដែកប្រយុទ្ធផ្សេងទៀត ហើយ លោក Shoigu បានប្រាប់
សន្និសីទមួយជាមួយថ្នាក់ ដឹកនាំយោធារបស់ប្រទេសនេះថា ក្នុងអំឡុងពេលជាមួយគ្នានេះ ទីក្រុងមូស្គូបានរំដោះផ្ទៃដីប្រមាណ ៤០៣ គីឡូម៉ែត្រការ៉េ នៃទឹកដីថ្មីរបស់រុស្ស៊ី។
លោករដ្ឋមន្ត្រីក៏បាននិយាយទៀតដែរថា ទោះបីជាទីក្រុងគៀវ មិនទទួលបានភាពជោគជ័យ នៅលើសមរភូមិក៏ដោយ មេដឹកនាំអ៊ុយក្រែន នៅតែព្យាយាមបញ្ចុះបញ្ចូល អ្នកឧបត្ថម្ភលោកខាងលិច អំពីសមត្ថភាព របស់ខ្លួនក្នុងការ
ទប់ទល់នឹងកងទ័ពរុស្ស៊ី ហើយដើម្បីធ្វើដូច្នេះ ក្រុងគៀវបានប្រើអំពើភេរវកម្ម និងការវាយប្រហាររយៈពេលវែងលើទឹកដីរុស្ស៊ី សំដៅលើប្រជាជនស៊ីវិល ។
គួរឲ្យដឹងដែរថាកាលពីខែមុន ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍ថា យោធាអ៊ុយក្រែន បានបាត់បង់បុគ្គលិក សរុបចំនួន៤៤៤០០០នាក់ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះក្នុងខែកុម្ភៈ ឆ្នាំ២០២២រួមទាំង១៦៦០០០នាក់ ក្នុងអំឡុង
ពេលប្រតិបត្តការវាយលុក នៅរដូវក្តៅដែលបរាជ័យ កាលពីឆ្នាំមុន៕
ប្រែសម្រួល៖ស៊ុនលី