ព័ត៌មានអន្តរជាតិ

ក្រសួងសន្តិសុខសាធារណៈរបស់វៀតណាម ច្រានចោលពាក្យចចាមអារ៉ាមដែលថា បានហាមឃាត់ប្រធានធនាគារ Sacombank មិនឱ្យចាកចេញពីប្រទេស

Photo courtesy of Sacombank

បរទេស៖ ក្រសួងសន្តិសុខសាធារណៈរបស់វៀតណាម បានបដិសេធពាក្យចចាមអារ៉ាមដែលថា ប្រធានធនាគារ Sacombank គឺលោក Duong Cong Minh ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេស។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ពាក្យចចាមអារ៉ាមដែលបានលេចឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃអង្គារបានបណ្តាលឱ្យភាគហ៊ុនធនាគារ Sacombank (STB) ធ្លាក់ចុះ ៥,៧ភាគរយ នៅពេលព្រឹកមុនពេលបិទថ្ងៃធ្លាក់ចុះ ៤ភាគរយ នៅក្នុងតម្លៃ ៣០,២០០ដុង ស្មើនឹង ១,២២ ដុល្លារអាមេរិក ។

ជាធម្មតារដ្ឋាភិបាលដាក់បម្រាមបែបនេះ ដើម្បីស៊ើបអង្កេតនរណាម្នាក់សម្រាប់ឧក្រិដ្ឋកម្មដែលអាចកើតមាន។ ប៉ុន្តែអ្នកនាំពាក្យក្រសួងសន្តិសុខសាធារណៈរបស់វៀតណាម លោក To An Xo បានច្រានចោលពាក្យចចាមអារ៉ាមដែលនិយាយថា លោក Minh មិនស្ថិតក្នុងបញ្ជីតាមដានក៏ដោយ។

“ក្រសួងសន្តិសុខសាធារណៈបដិសេធរាល់ព័ត៌មានមិនពិតដែលត្រូវបានផ្សព្វផ្សាយដែលបង្កឱ្យមានផលប៉ះពាល់អវិជ្ជមានដល់ប្រព័ន្ធហិរញ្ញវត្ថុ និងធនាគារ។ អ្នកដែលផ្សព្វផ្សាយព័ត៌មានមិនពិតនឹងត្រូវទទួលទោស។”

លើសពីនេះ ខាងភាគីធនាគារ Sacombank ក៏បានបដិសេធពាក្យចចាមអារ៉ាមនេះផងដែរ កាលពីថ្ងៃអង្គារ ហើយបានធានាដល់អតិថិជនរបស់ខ្លួនថាប្រតិបត្តិការទាំងអស់នៅតែបន្តដូចធម្មតា៕

ប្រែសម្រួលៈ ណៃ តុលា

To Top