បរទេស៖ អគ្គស្នងការរងនគរបាលជាតិ របស់ប្រទេសថៃ គឺឧត្តមសេនីយ៍ Surachate “Big Joke” Hakparn កាលពីថ្ងៃអង្គារ បានចូលខ្លួនទៅកាន់ប៉ុស្តិ៍ប៉ូលិស Tao Poon ក្នុងទីក្រុងបាងកក បន្ទាប់ពីដីកាចាប់ខ្លួនលោក ត្រូវបានចេញនៅមុនថ្ងៃនោះ។ តុលាការព្រហ្មទណ្ឌថៃ បានចេញដីកាចាប់ខ្លួនលោក Surachate បន្ទាប់ពីលោកបានគេចចេញដីកា កោះហៅចំនួនបីក្នុងសំណុំរឿងល្បែងស៊ីសងតាមគេហទំព័រ។
យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា លោកឧត្តមសេនីយ៍ Surachate កំពុងស្ថិតក្រោមការស៊ើបអង្កេត ដោយក្រុមមួយដែលកំពុងស្វែងរកមន្ត្រីប៉ូលីស ដែលពាក់ព័ន្ធនឹងគេហទំព័រល្បែងអនឡាញ BNKMaster បន្ទាប់ពីទិន្នន័យប្រតិបត្តិការហិរញ្ញវត្ថុ បានភ្ជាប់គាត់ទៅបណ្តាញនេះ។
ដីកាចាប់ខ្លួនលោក Surachate គ្របដណ្តប់លើការចោទប្រកាន់ពីបទសមគំនិត ការលាងលុយកខ្វក់ និងជាអ្នកសមគំនិតក្នុងការលាងលុយ ក្រោមច្បាប់ប្រឆាំងការលាងលុយ។
លោក Surachate បានមកដល់ប៉ុស្តិ៍ប៉ូលីសនៅម៉ោង ៥,៣០នាទី ល្ងាចថ្ងៃអង្គារ ហើយចំណាយពេលប្រហែល ២ ម៉ោងក្នុងការផ្តល់របាយការណ៍ ទៅកាន់អ្នកស៊ើបអង្កេត។ ក្រោយប្រកាសបាននៅក្រៅឃុំ ស្នងការរងនគរបាលជាតិថៃរូបនេះ បានចាកចេញពីប៉ុស្តិ៍ប៉ូលីស ដោយមិនបានបង្ហាញពីចំនួនប្រាក់នៅក្រៅឃុំ ឬព័ត៌មានលម្អិតអំពីករណីនេះទេ។
លោក Surachate បានថ្លែងថា «ឥឡូវនេះសំណុំរឿងកំពុងស្ថិតក្នុង ដំណើរការរបស់តុលាការ ទោះបីស្ថិតក្នុងដំណាក់កាល ចោទប្រកាន់ក៏ដោយ។ «ទាល់តែតុលាការចេញសាលក្រម ខ្ញុំនៅតែគ្មានទោស»។
ប្រភពព័ត៌មានមួយបានឲ្យដឹងថា ប្រាក់ធានាដែលលោក Surachat ដាក់ គឺមានចំនួន ១០ ម៉ឺនបាត ៕
ប្រែសម្រួលៈ ណៃ តុលា