ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីជប៉ុន និងលោក ហ្សេឡិនស្គី ប្តេជ្ញារក្សាកិច្ច សហប្រតិបត្តិការ ជិតស្និទ្ធ

Kyodo

តូក្យូ៖ ក្រសួងការបរទេសជប៉ុន បានឲ្យដឹងថា នាយករដ្ឋមន្រ្តីជប៉ុនលោក ហ្វូមីអូ គីស៊ីដា និងប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានសន្យាថា នឹងរក្សា កិច្ចសហប្រតិបត្តិការជិតស្និទ្ធ ខណៈដែលទីក្រុងតូក្យូ នៅតែបន្តគាំទ្រ ដល់ការប្រយុទ្ធរបស់ទីក្រុងគៀវ ប្រឆាំងនឹងការ ឈ្លានពានរបស់រុស្ស៊ី។

ការពិភាក្សាតាមទូរស័ព្ទ បានធ្វើឡើងមុនដំណើរទស្សនកិច្ច របស់លោក គីស៊ីដា ទៅកាន់ សហរដ្ឋអាមេរិក នៅសប្តាហ៍ក្រោយ ក្នុងនាមជាភ្ញៀវរដ្ឋ និងកិច្ចប្រជុំរបស់លោក ជាមួយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃទី១០ ខែមេសា នៅទីក្រុងវ៉ាស៊ីនតោន ដែលជាកន្លែងដែលគេរំពឹងថា ការពិភាក្សាស្តីពីការបន្តគាំទ្រ របស់ពួកគេ ចំពោះអ៊ុយក្រែន នឹងមានកម្រិតខ្ពស់ នៅក្នុងរបៀបវារៈ ។ 

ក្នុងអំឡុងពេលនៃការសន្ទនា តាមទូរស័ព្ទរយៈពេល ៣០នាទីរបស់ពួកគេ លោក គីស៊ីដា បានឲ្យដឹងថាប្រទេសជប៉ុននឹង “អនុវត្តជាលំដាប់” កិច្ចព្រមព្រៀង ដែលបានធ្វើឡើង នៅក្នុងសន្និសីទទ្វេភាគី ដែលលើកកម្ពស់ការងើបឡើងវិញ របស់អ៊ុយក្រែន ដែលបានធ្វើឡើងនៅទីក្រុងតូក្យូក្នុងខែកុម្ភៈ។

លោក គីស៊ីដា ត្រូវបានដកស្រង់សម្តី ដោយក្រសួងថា “ប្រទេសជប៉ុន នៅតែមិនផ្លាស់ប្តូរនៅក្នុងការប្តេជ្ញាចិត្ត របស់ខ្លួនក្នុងការឈររួមគ្នាជាមួយអ៊ុយក្រែន” នៅក្នុងការ​ជជែក​គ្នា​ តាម​ទូរស័ព្ទ​លើក​ចុង​ក្រោយ​នៅ​ខែ​វិច្ឆិកា។

ក្រសួងបានឲ្យដឹងថា លោក ហ្សេឡិនស្គី បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះវិធានការគាំទ្ររបស់ប្រទេសជប៉ុន និង “ជោគជ័យ” នៃសន្និសីទខែកុម្ភៈ ខណៈពេលដែលការពន្យល់អំពីស្ថាន ភាពចុងក្រោយបង្អស់ នៅក្នុងសង្គ្រាមរបស់ខ្លួន ជាមួយប្រទេសរុស្ស៊ី ដែលបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ ។

នៅក្នុងសន្និសីទជប៉ុន-អ៊ុយក្រែន សម្រាប់ការលើក កម្ពស់កំណើនសេដ្ឋកិច្ច និងការកសាងឡើងវិញនៅថ្ងៃទី១៩ ខែកុម្ភៈ លោក គីស៊ីដា បានសន្យាថា នឹងបន្តផ្តល់ការគាំទ្រ ការកសាងឡើងវិញ ដល់អ៊ុយក្រែន ដោយសហការជាមួយ វិស័យឯកជន ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top