បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Radoslaw Sikorski បានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសជាសមាជិក របស់អង្គការណាតូ បានបង្កើតបេសកកម្មរួមគ្នា មួយនៅក្នុង ប្រទេសអ៊ុយក្រែន ដើម្បីពង្រីកវិសាលភាព នៃការគាំទ្រដែលប្លុក ដែលដឹកនាំដោយសហរដ្ឋអាមេរិក ទៅឲ្យទីក្រុងគៀវ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំមួយ ដើម្បីរំលឹកខួបលើកទី៧៥ នៃអង្គការណាតូ លោក Sikorski បានប្រកាសថាប្លុកនេះ បានសម្រេចចិត្តបង្កើត បេសកកម្មថ្មីមួយ ដែលទោះជាយ៉ាងណា ក៏ដោយ លោកបានសង្កត់ធ្ងន់ថា នេះមិនមែនមានន័យថា យើងនឹងធ្វើសង្រ្គាមនោះទេ ប៉ុន្តែវាមានន័យថា ឥឡូវនេះ យើងនឹងអាចប្រើប្រាស់ ការសម្របសម្រួល ការបណ្តុះបណ្តាល សមត្ថភាពរៀបចំផែនការរបស់អង្គការណាតូ ដើម្បីគាំទ្រអ៊ុយក្រែន ក្នុងលក្ខណៈសម្របសម្រួលបន្ថែមទៀត។
ជាពិសេសជាងនេះទៅទៀតនោះ លោកក៏បានចង្អុល បង្ហាញថា ក្រោមគំនិតផ្តួចផ្តើមថ្មី កងទ័ពអ៊ុយក្រែននឹង ធ្វើការហ្វឹកហាត់យ៉ាងសកម្មបន្ថែមទៀត នៅក្នុងប្រទេសប៉ូឡូញផងដែរ។
លោក Sikorski មុននេះក៏បានប្រាប់អ្នកសារព័ត៌មានថា សមាជិកប្លុកនេះគ្រោងនឹងពិភាក្សា អំពីការបង្កើតបេសកកម្ម ក្នុងអំឡុងពេលកិច្ចប្រជុំរយៈពេលពីរថ្ងៃ នៃរដ្ឋមន្ត្រីការបរទេស ណាតូដែលបានបញ្ចប់ កាលពីថ្ងៃព្រហស្បតិ៍ហើយ លោកបានពន្យល់នៅពេលនោះថា គំនិតនេះគឺប្រើប្រាស់សមត្ថភាពនៃកតិកាសញ្ញានេះ ដើម្បីបណ្តុះបណ្តាលប្រជាជនអ៊ុយក្រែន ប្រើប្រាស់ភស្តុភារ និងធាតុរួមផ្សេងទៀត៕
ប្រែសម្រួល៖ស៊ុនលី