ព័ត៌មានអន្តរជាតិ

UNRWA៖ ការចូលទៅកាន់តំបន់ហ្គាហ្សា ភាគខាងជើង នៅតែត្រូវបានរារាំង ដោយអ៊ីស្រាអែល

រូបភាពពី៖​ XINHUA

ហ្កាហ្សា៖ ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បានចោទប្រកាន់អ៊ីស្រាអែល ពីការបន្តរារាំងក្រុមរបស់ខ្លួនពីការចូលទៅកាន់ភាគខាងជើងតំបន់ហ្គាហ្សាស្រ្ទីប ដើម្បីផ្តល់ជំនួយមនុស្សធម៌។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X នៅយប់ថ្ងៃពុធ UNRWA បានឲ្យដឹងថា អ៊ីស្រាអែល “បន្តរារាំងយើងមិនឱ្យចូលទៅកាន់តំបន់ភាគខាងជើង ដើម្បីផ្តល់ជំនួយស្បៀងអាហារ និងការផ្គត់ផ្គង់ចាំបាច់ផ្សេងទៀត” ។

ប្រភពបានពន្យល់ថា ទីភ្នាក់ងារ “បានផ្តល់ជំនួយជាងពាក់កណ្តាលនៃអង្គការសហប្រជាជាតិ ដែលបានផ្តល់ទៅឱ្យតំបន់ហ្គាហ្សា តាមរយៈច្រក Rafah និង Kerem Shalom ក្នុងខែមីនា” ដោយកត់សម្គាល់ថា បុគ្គលិកទីភ្នាក់ងារចំនួន ១៧៦នាក់បានបាត់បង់ជីវិតរបស់ពួកគេចាប់តាំងពីការចាប់ផ្តើមនៃការវាយលុករបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សាកាលពីខែតុលា។ ថ្ងៃទី០៧ ឆ្នាំ២០២៣ ។

ប្រធាន UNRWA លោក Philippe Lazzarini បានរិះគន់គោលនយោបាយដ៏តឹងរឹងរបស់អ៊ីស្រាអែល និងការទប់ស្កាត់ជំនួយ ដោយព្រមានថា នេះអាចនាំឱ្យមានគ្រោះទុរ្ភិក្ស ដែលបង្កើតឡើងដោយមនុស្ស។

លោកក៏បានថ្កោលទោសការសម្លាប់បុគ្គលិកជំនួយចំនួន ៧ នាក់របស់អ៊ីស្រាអែល ពីអង្គការសប្បុរសធម៌អាហារអន្តរជាតិ World Central Kitchen នៅកណ្តាលហ្គាហ្សា កាលពីយប់ថ្ងៃច័ន្ទដោយថា “ការសម្លាប់បុគ្គលិកមនុស្សធម៌ និងការទប់ស្កាត់ UNRWA ពីការចូលរួមក្នុងក្បួនធ្វើដំណើរឆ្ពោះទៅភាគខាងជើងតំបន់ហ្គាហ្សា ទាមទារឲ្យមានការការ​ពិនិត្យ​មើល​ពេញលេញ លើគោលនយោបាយ​របស់​រដ្ឋាភិបាល​អ៊ីស្រាអែល”៕ ប្រែសម្រួល ឈូក បូរ៉ា

To Top