បរទេស៖ យោងតាមការចេញផ្សាយរបស់ កាសែត New York Times បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក និងអាល្លឺម៉ង់មានការស្ទាក់ស្ទើរ ក្នុងការទទួលយកអ៊ុយក្រែន ចូលទៅក្នុងអង្គការ NATO ទោះបីជាមានការភ័យខ្លាចចំពោះការ ដួលរលំនៃយោធារបស់ទីក្រុងគៀវ ក្រោមសម្ពាធរបស់រុស្ស៊ីក៏ដោយ។
កាសែតនេះក៏បាននិយាយដែរថា មន្ត្រីនៅក្នុងប្លុកដែលដឹកនាំដោយ សហរដ្ឋអាមេរិកមានការព្រួយបារម្ភថា ទង្វើដ៏ខ្លាំងក្លាបែបនេះ នឹងទាញវាចូលទៅក្នុងសង្រ្គាមដីគោក ដ៏ធំបំផុតនៅអឺរ៉ុបចាប់តាំងពីឆ្នាំ ១៩៤៥ ដោយបន្ថែមថា NATO កំពុងស្វែងរក ទីតាំងកណ្តាល ជំនួសវិញ។
ក្តីកង្វល់ទាំងនេះត្រូវបាននិយាយថា ត្រូវបានចែករំលែកដោយទីក្រុងប៊ែរឡាំង និងវ៉ាស៊ីនតោន ដែលប្រឆាំងនឹងការបើកកិច្ចចរចា សមាជិកភាពជាមួយអ៊ុយក្រែននៅឯកិច្ចប្រជុំកំពូល របស់អង្គការណាតូក្នុងទីក្រុងវ៉ាស៊ីនតោនក្នុង ខែកក្កដាហើយ ក្នុងពេលជាមួយគ្នានេះ ពួកគេបានឈ្នះការសន្យាផ្តល់ជំនួយ សន្តិសុខរយៈពេលវែងដល់អ៊ុយក្រែន។
គួរឲ្យដឹងដែរថាកាលពីថ្ងៃពុធ អគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg បានជំរុញឱ្យសមាជិកនៃប្លុកនេះ ផ្តោតលើការផ្តល់ជំនួយដល់អ៊ុយក្រែននូវ ជំនួយសន្តិសុខដែលអាចទុកចិត្តបាន និងអាចព្យាករណ៍បាន ជាជាងការបរិច្ចាគដោយស្ម័គ្រចិត្ត៕
ប្រែសម្រួល៖ ស៊ុន លី