យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres នៅថ្ងៃសុក្របានសម្តែងការព្រួយបារម្ភ ចំពោះរបាយការណ៍របស់យោធាអ៊ីស្រាអែល ដែលប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងការទម្លាក់គ្រាប់បែករបស់ខ្លួននៅតំបន់ហ្គាហ្សា។
លោកបានប្រាប់អ្នកយកព័ត៌មានថា របាយការណ៍បានបង្ហាញថា ប្រព័ន្ធ AI ត្រូវបានប្រើដើម្បីកំណត់គោលដៅ ជាពិសេសនៅក្នុង “តំបន់លំនៅដ្ឋានដែលមានប្រជាជនច្រើន ដែលបណ្តាលឱ្យមានកម្រិតខ្ពស់នៃជនស៊ីវិល” ។
លោកបានឲ្យដឹងនៅឯកិច្ចប្រជុំសារព័ត៌មានមួយថា “គ្មានផ្នែកណាមួយនៃការសម្រេចចិត្តអំពីជីវិត និងការស្លាប់ដែលប៉ះពាល់ដល់គ្រួសារទាំងមូល គួរតែត្រូវបានផ្ទេរទៅឱ្យការគណនាត្រជាក់នៃក្បួនដោះស្រាយនោះទេ” ខណៈដែលជម្លោះរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល មានរយៈពេលជិត ៦ខែ។
លោក Guterres បានលើកឡើងថា យុទ្ធនាការយោធារបស់អ៊ីស្រាអែល តាមសេចក្តីរាយការណ៍បានសម្លាប់មនុស្សជាង ៣២,០០០នាក់ និងរបួសជាង ៧៥,០០០នាក់ផ្សេងទៀត ដែលភាគច្រើនជាស្ត្រី និងកុមារ។
លោកបានបន្ថែមថា ជាងពាក់កណ្តាលនៃចំនួនប្រជាជននៅតំបន់ហ្គាហ្សា ជាងមួយលាននាក់ កំពុងប្រឈមមុខនឹងការអត់ឃ្លានដ៏មហន្តរាយ ដោយកុមារបានស្លាប់ដោយសារកង្វះអាហារ និងទឹក៕ ប្រែសម្រួល ឈូក បូរ៉ា