បរទេស៖ អ្នកប្រឹក្សាផ្នែកវិនិយោគម្នាក់ នឹងត្រូវបានកាត់ទោសនៅថ្ងៃទី ១៦ ខែមេសា ពីបទលួចលុយចំនួន ៣,២ លានដុល្លារពីពាណិជ្ជករអូស្ត្រាលី បន្ទាប់ពីណែនាំពាណិជ្ជកររូបនោះ ឱ្យទិញអណ្តូងរ៉ែទីតាន។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកស្រី Truong Thi Kim Soan អាយុ ៥០ ឆ្នាំ កាលពីខែមេសា ឆ្នាំ ២០១៣ បានទៅជួបពាណិជ្ជករអូស្ត្រាលី ឈ្មោះ John Koon នៅទីក្រុងហូជីមិញ ហើយបានណែនាំ John Koon ឱ្យទិញអណ្តូងរ៉ែ Sao Mai titan ទំហំ ៣៦០ ហិកតានៅខេត្ត Binh Thuan ភាគកណ្តាលប្រទេសវៀតណាម, នេះបើយោងតាមព្រះរាជអាជ្ញា។
អ្នកស្រី Truong Thi Kim Soan បានប្រាប់ John Koon ឱ្យនាងទិញ អណ្តូងរ៉ែជំនួសគាត់ ដើម្បីកាត់បន្ថយបន្ទុក នៃនីតិវិធីរដ្ឋបាល ដោយសារតែគាត់ជាជនជាតិ វៀតណាម។ អ្នកស្រីបានបន្ថែមថា តម្លៃនឹងកាន់តែសមរម្យ ប្រសិនបើគាត់ជាអ្នកធ្វើការផ្ទាល់ ជាមួយអ្នកលក់គឺក្រុមហ៊ុន Sao Mai ។
ប៉ុន្តែនៅពេលនោះ Sao Mai មិនមានការអនុញ្ញាតិឱ្យដំណើរការជីករ៉ែទេ ដូច្នេះហើយ អ្នកស្រី Truong Thi Kim Soan បានសុំលុយពីឈ្មោះ John Koon ទើបនាងអាចទទួលបានអាជ្ញាប័ណ្ណប្រតិបត្តិការ។ បន្ទាប់ពីទទួលបានលុយពី Koon ដើម្បីទិញអណ្តូងរ៉ែហើយ ឈ្មោះ Soan បានបង្កើតក្រុមហ៊ុនថ្មី Thien Binh ហើយប្រើវាដើម្បីទិញអណ្តូងរ៉ែ។ នាងមានភាគហ៊ុន ៩៥% នៃក្រុមហ៊ុន Thien Binh និងប្តី ៥% ។
ដូច្នេះហើយ ពាណិជ្ជករ គឺលោក Koon មិនមែនជាម្ចាស់ភាគហ៊ុន ណាមួយនៅក្នុងអណ្តូងរ៉ែនោះទេ ហើយត្រូវបានចោទ ប្រកាន់ថាបានបាត់បង់ ៣,២ លានដុល្លារទៅឱ្យ Soan ក្នុងកិច្ចព្រមព្រៀងនេះ៕
ប្រែសម្រួលៈ ណៃ តុលា