ព័ត៌មានអន្តរជាតិ

បុគ្គលិកស្ថានទូតម៉ិកស៊ិក ចាកចេញពីប្រទេស អេក្វាឌ័រ បន្ទាប់ពីបែកបាក់ ទំនាក់ទំនងការទូត

Xinhua

ម៉ិកស៊ិក៖ បុគ្គលិកស្ថានទូតម៉ិកស៊ិក បានចាកចេញបន្ទាប់ពីម៉ិកស៊ិក បានផ្តាច់ទំនាក់ទំនងការទូតជាមួយអេក្វាឌ័រ បន្ទាប់ពីប៉ូលីសអេក្វាឌ័របានសម្រុកចូលស្ថានទូតម៉ិកស៊ិក ដើម្បីចាប់ខ្លួនអតីតអនុប្រធានាធិបតីលោក Jorge Glas ដែលត្រូវបានកាត់ទោសពីបទពុករលួយ។

ក្រសួងការបរទេសរបស់ប្រទេស ម៉ិកស៊ិក បានអះអាងថា បុគ្គលិកស្ថានទូត និងក្រុមគ្រួសាររបស់ពួកគេ កំពុងត្រឡប់ទៅម៉ិកស៊ិកវិញ នៅក្នុងការបង្ហោះនៅលើ X ដែលពីមុនត្រូវបានគេស្គាល់ថា ជាបណ្ដាញ Twitter ។

ក្រសួងបានឲ្យដឹងថា ប្រទេសជាមិត្ត និងសម្ព័ន្ធមិត្តបានគាំទ្រម៉ិកស៊ិក ក្នុងការធានាសុវត្ថិភាពរបស់ពលរដ្ឋម៉ិកស៊ិក ដោយអមដំណើរពួកគេក្នុងការធ្វើដំណើរទៅកាន់អាកាសយានដ្ឋានក្នុងរដ្ឋធានីអេក្វាឌ័រ។

ស្ថានទូតម៉ិកស៊ិកនៅអេក្វាឌ័រ “នឹងនៅតែបិទដោយគ្មានកាលកំណត់ ដូចនឹងសេវាកម្មកុងស៊ុលដែរ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador បានចាត់ទុកការវាយឆ្មក់ របស់ប៉ូលីសលើស្ថានទូត ម៉ិកស៊ិកថា ជាការរំលោភ លើអធិបតេយ្យភាព និងច្បាប់អន្តរជាតិ របស់ប្រទេសម៉ិកស៊ិក ហើយបានផ្តាច់ទំនាក់ទំនង ការទូតជាមួយអេក្វាឌ័រ។

លោកក៏បានណែនាំ រដ្ឋមន្ត្រីការបរទេសម៉ិកស៊ិក Alicia Barcena ឱ្យសម្របសម្រួលការវិលត្រឡប់នៃបុគ្គលិកការទូត ដែលត្រូវបានទទួលស្គាល់ នៅក្នុងប្រទេសអេក្វាឌ័រ រួមជាមួយនឹងក្រុមគ្រួសាររបស់ពួកគេ បន្ទាប់ពី “ការវាយប្រហារ ដោយហិង្សា” លើស្ថានទូតម៉ិកស៊ិក៕
ប្រែសម្រួល ឈូក បូរ៉ា

To Top