ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ថ្កោលទោសអាមេរិក អង់គ្លេស បារាំង សម្រាប់ការជំទាស់ សេចក្តីថ្លែងការណ៍ ប្រឆាំងអ៊ីស្រាអែល នៅ UNSC

តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានថ្កោលទោសការប្រឆាំងរបស់សហរដ្ឋអាមេរិក អង់គ្លេស និងបារាំង ចំពោះសេចក្តីថ្លែងការណ៍ មួយនៅក្នុងក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដើម្បីថ្កោលទោសការវាយប្រហារ ដ៏សាហាវរបស់អ៊ីស្រាអែល ទៅលើស្ថានកុងស៊ុលអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី។

លោក Mohammed Abdul-Salam អ្នកនាំពាក្យក្រុម Houthi យេម៉ែន បានធ្វើការ កត់សម្គាល់នេះ នៅក្នុងកិច្ចប្រជុំ មួយជាមួយ លោក Mohammed Abdul-Salam ក្នុងរដ្ឋធានី Muscat ប្រទេស Omani ដោយពណ៌នាក្រុមប្រឆាំងថា ជាភស្តុតាងច្បាស់លាស់នៃ “ការលាក់ពុតផ្នែកនយោបាយ” របស់ប្រទេសទាំងនោះ។

សហរដ្ឋអាមេរិក អង់គ្លេស និងបារាំង កាលពីថ្ងៃពុធ បានប្រឆាំងនឹងសេចក្តីថ្លែងការណ៍ ដែលព្រាងដោយរុស្ស៊ី ដោយថ្កោលទោសការវាយប្រហារដោយមីស៊ីលកាលពីថ្ងៃទី០១ ខែមេសា ដោយអ៊ីស្រាអែល ទៅលើផ្នែកកុងស៊ុលនៃស្ថានទូតអ៊ីរ៉ង់ក្នុងរដ្ឋធានីដាម៉ាស់ របស់ប្រទេសស៊ីរី ដែលបានសម្លាប់ជនជាតិអ៊ីរ៉ង់ ៧នាក់ រួមទាំងមេបញ្ជាការជើងចាស់ពីរនាក់នៃអង្គភាពឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) និងពលរដ្ឋស៊ីរីមួយចំនួន។

លោក Amir-Abdollahian បានសង្កត់ធ្ងន់ថា ការប្រឆាំងរបស់ប្រទេសទាំង៣ ចំពោះសេចក្តីថ្លែងការណ៍នេះគឺបង្ហាញពី “ការគាំទ្រជាក់ស្តែង សម្រាប់ឧក្រិដ្ឋកម្ម និងការផ្សងព្រេងរបស់អ៊ីស្រាអែល” ហើយនឹងលើកទឹកចិត្ត ដល់ការពង្រីកវិសាលភាព នៃអស្ថិរភាព និងអសន្តិសុខនៅក្នុងតំបន់អាស៊ីខាងលិច។

លោកបានបន្ដថា ការវាយប្រហារ របស់អ៊ីស្រាអែលត្រូវបានអនុវត្តដោយប្រើយន្តហោះចម្បាំង និងកាំជ្រួចដែលផលិត ដោយសហរដ្ឋអាមេរិក ដោយលោកបានបន្ថែមថា អ៊ីរ៉ង់ នឹងប្រើប្រាស់សិទ្ធិរបស់ខ្លួន ដែលត្រូវបានទទួលស្គាល់ ក្នុងក្របខណ្ឌនៃច្បាប់អន្តរជាតិ ដើម្បី “ឃុំឃាំងអ្នកឈ្លានពានឱ្យទទួលខុសត្រូវ និងដាក់ទណ្ឌកម្មពួកគេ” ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top