MAPUTO៖ បើតាមការផ្សាយរបស់វិទ្យុរដ្ឋ Mozambique ហៅកាត់ថា (RM) យ៉ាងហោចណាស់មនុស្សចំនួន ៩១នាក់បានស្លាប់ បន្ទាប់ពីទូកដឹកលើសទម្ងន់ចំនួន ១គ្រឿង បានក្រឡាប់នៅជិតកោះ Mozambique ក្នុងខេត្ត Nampula ភាគខាងជើងនៃប្រទេសម៉ូហ្ស៊ាំប៊ិក កាលពីថ្ងៃអាទិត្យ ។
នៅក្នុងរបាយការណ៍បានដាក់ថា ជនរងគ្រោះដែលបានស្លាប់រួមមានកុមារ ហើយមនុស្សចំនួន ៣៤នាក់ផ្សេងទៀតបានបាត់ខ្លួន ដោយបានបន្ថែមថា អ្នកនៅរស់រានមានជីវិតមានចំនួន ៥នាក់ត្រូវបានរកឃើញ។
ទូកនេះគឺជាសាឡាងបណ្តោះអាសន្ន ដែលបានចេញដំណើរពីស្រុក Mossuril ហើយបានដឹកអ្នកដំណើរសរុបចំនួន ១៣០នាក់។ រដ្ឋលេខាធិការនៃខេត្ត Nampula លោក Jaime Neto ត្រូវបានដកស្រង់សម្តីដោយវិទ្យុផ្សាយ ព័ត៌មានខាងលើបានបញ្ជាក់ដូច្នេះ ។
លោក Neto បានប្រាប់វិទ្យុ RM ថា អ្នកដំណើរបានចាកចេញពី តំបន់ដែលជាស្រុកកំណើតរបស់ពួកគេ បន្ទាប់ពីមានការភ័យស្លន់ស្លោ ដែលបណ្តាលមកពីព័ត៌មានមិនពិត អំពីការផ្ទុះជំងឺអាសន្នរោគ។
លោក Neto បានបញ្ជាក់ថា “វាគឺជាទូកដែលមិនបានរៀបចំសម្រាប់ ដឹកជញ្ជូនមនុស្សច្រើននោះទេ។ វាជាទូកនេសាទ ហើយមនុស្សមានព័ត៌មានមិនពិត អំពីការផ្ទុះជំងឺអាសន្នរោគ ហើយពួកគេបានប្រញាប់ប្រញាល់ឡើងលើទូកនោះ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាករា