គៀវ៖ កាលពីថ្ងៃអាទិត្យ ប្រទេសអ៊ុយក្រែន បានបដិសេធទៅលើការចោទប្រកាន់ថា ក្រុងគៀវ មានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក ទៅលើរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia (ZNPP)។
លោក Andriy Yusov អ្នកនាំពាក្យរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ យោធារបស់អ៊ុយក្រែន ត្រូវបានដកស្រង់សម្តីដោយសេវា សារព័ត៌មាននៃនាយកដ្ឋានស៊ើបការណ៍សំខាន់ នៃក្រសួងការពារជាតិអ៊ុយក្រែនថា “ប្រទេសអ៊ុយក្រែន មិនបានជាប់ពាក់ព័ន្ធក្នុងការបង្កហេតុ ប្រដាប់អាវុធណាមួយនៅលើទឹកដីនៃ ZNPP ឡើយ” ។
បើយោងតាមសេវាសារព័ត៌មាន របស់រោងចក្របានឲ្យដឹងថា យន្តហោះគ្មានមនុស្សបើកអ៊ុយក្រែន បានវាយប្រហារមកលើរោងចក្រ ZNPP កាលពីថ្ងៃអាទិត្យ រួមទាំងមួយកន្លែងនៅលើដំបូល នៃអង្គភាពថាមពលទី៦ ផងដែរ ។
ក្រុមសារព័ត៌មានរបស់រោងចក្រ ZNPP បានឲ្យដឹងថា ការវាយប្រហារមកលើ Dome មិនបណ្តាលឱ្យមានរបួសធ្ងន់ធ្ងរ ឬស្លាប់បាត់បង់ជីវិតនោះទេ ហើយថា មិនមានការគំរាមកំហែងនៃការ រំលោភលើដែនកំណត់សុវត្ថិភាពនោះទេ ។
ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ បានឲ្យដឹងកាលពីរាត្រីថ្ងៃអាទិត្យថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅ ZNPP កាលពីថ្ងៃអាទិត្យបានបណ្តាលឱ្យខូចខាត ដល់អង្គភាពថាមពលមួយក្នុងចំណោម អង្គភាពថាមពលទាំង៦ ប៉ុន្តែសុវត្ថិភាពនុយក្លេអ៊ែរ មិនត្រូវបានខូចខាតអ្វីនោះទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាករា