ព័ត៌មានអន្តរជាតិ

ជប៉ុន អាមេរិក អូស្ត្រាលី និងហ្វីលីពីន ធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូង

Kyodo

តូក្យូ៖ យោធាហ្វីលីពីនបានឲ្យដឹងថា ខ្លួនបានធ្វើសមយុទ្ធដែនសមុទ្ររួមគ្នា ជាមួយប្រទេសជប៉ុន សហរដ្ឋអាមេរិក និងអូស្ត្រាលី នៅក្នុងសមុទ្រចិនខាងត្បូង ដែលនាំឱ្យប្រទេសចិន ចាប់ផ្តើមការល្បាតជើងទឹក និងផ្លូវអាកាសជាការឆ្លើយតប។

សមយុទ្ធរបស់ប្រទេសទាំងបួន ដែលបានធ្វើឡើងកាលពីថ្ងៃអាទិត្យ នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ របស់ប្រទេសហ្វីលីពីន បានបង្ហាញពី “ការប្តេជ្ញាចិត្តរបស់ប្រទេសនានា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិក្នុងការគាំទ្រដល់ ឥណ្ឌូប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ តាមរយៈសមយុទ្ធអន្តរប្រតិបត្តិការក្នុងដែនសមុទ្រ”។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលបានចេញមួយថ្ងៃមុនសមយុទ្ធនេះ ប្រទេសទាំងបួន បានឲ្យដឹងថា ពួកគេមានបំណង “រក្សាសិទ្ធិសេរីភាពក្នុងការធ្វើនាវាចរណ៍ និងការហោះហើរលើយន្តហោះ និងការគោរពសិទ្ធិដែនសមុទ្រក្រោមច្បាប់អន្តរជាតិ ស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ”។

យោធាហ្វីលីពីនបានឲ្យដឹងថា កងកម្លាំងរបស់ប្រទេសទាំងបួន បានធ្វើសមយុទ្ធទំនាក់ទំនង យុទ្ធសាស្ត្របែងចែក និងសមយុទ្ធផ្សេងទៀត ដោយយោធាហ្វីលីពីន បានឲ្យដឹងថា សមយុទ្ធនេះត្រូវបានចូលរួមដោយ នាវាពិឃាតរបស់កងកម្លាំង ស្វ័យការពារដែនសមុទ្រជប៉ុន Akebono នាវាប្រយុទ្ធរបស់សហរដ្ឋអាមេរិក Mobile, នាវាចម្បាំង Royal Australian Navy Warramunga និងនាវាចម្បាំងកងទ័ពជើងទឹកហ្វីលីពីន Antonio Luna ក្នុងចំណោមអ្នកដទៃទៀត ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top