ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ បន្ទាប់ពីបញ្ចប់ដំណើរ ទស្សនកិច្ច របស់លោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ អាមេរិក នៅប្រទេសចិន រំពឹងថា សហរដ្ឋអាមេរិក នឹងសម្រេចបាននូវពាក្យ សន្យារបស់ខ្លួន តាមរយៈសកម្មភាពជាក់ស្តែង

លោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក បានបញ្ចប់ដំណើរទស្សនកិច្ចរបស់ខ្លួន នៅប្រទេសចិននៅថ្ងៃទី ៩ ខែមេសា ។ លោកស្រី គឺជាសមាជិកគណៈរដ្ឋមន្ត្រីអាមេរិកដំបូងគេ បង្អស់ដែលបំពេញ ទស្សនកិច្ចនៅប្រទេសចិន ក្នុងឆ្នាំនេះ ហើយលើកនេះ ក៏ជាដំណើរទស្សនកិច្ច នៅប្រទេសចិនម្តងទៀតបន្ទាប់ពីរំលងអស់រយៈពេល ៩ ខែ ផងដែរ ។ ក្នុងអំឡុងពេលដំណើរ ទស្សនកិច្ចលើកនេះ ភាគីទាំងពីរបានធ្វើកិច្ចសន្ទនា និងការផ្លាស់ប្តូរ ក្នុងគ្រប់ស្រទាប់ជាន់ថ្នាក់ និង ច្រើនវិស័យ ដោយបានឯកភាពគ្នាថា ត្រូវរួមគ្នាអនុវត្ត ឱ្យបានល្អ នូវគំនិតឯកភាពរួម ដ៏សំខាន់ របស់ប្រមុខរដ្ឋ នៃប្រទេសទាំងពីរ ហើយបានឈានដល់ គំនិតឯកភាពរួមថ្មី ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុ ។ លោកស្រី Janet Yellen បានថ្លែងថា ភាគីទាំងពីរ សហរដ្ឋអាមេរិកនិងចិន” គួរតែគ្រប់គ្រងទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី ដោយមានទំនួលខុសត្រូវ” ហើយបានរំលឹកឡើងវិញថា ភាគីអាមេរិកមិនស្វែងរកការ” ផ្តាច់ទំនាក់ទំនងខាងសេដ្ឋកិច្ច” ជាមួយប្រទេសចិននោះទេ ។

សូមបញ្ជាក់ថា ចិននិងសហរដ្ឋអាមេរិក គឺជាអង្គភាពសេដ្ឋកិច្ចធំជាងគេទាំងពីរ លើពិភពលោក ។ ជានិច្ចកាល ប្រទេសចិន តែងតែសម្គាល់ឃើញថា ធាតុពិតនៃកិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិក គឺ បានផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ហើយក៏បានខិតខំប្រឹងប្រែងបោះជំហានទៅកាន់ ទិសដៅនេះជាប់រហូតមក ។ យ៉ាងណាមិញ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិក មិនបានដើរស្របគោលដៅ ជាមួយប្រទេសចិន នោះទេ ហើយមិនបានទទួល រ៉ាប់រង កាតព្វកិច្ចរបស់ខ្លួន ចំពោះប្រជាជន របស់ប្រទេសខ្លួន និងពិភពលោកឡើយ ទង្វើរបស់អាមេរិក អ្នកផងទាំងពួង បានមើលឃើញយ៉ាងច្បាស់រួចហើយ ។

បំណាច់ជាលើកនេះ លោកស្រី Janet Yellen បានថ្លែងអំពីការ”រ៉ាបរងទំនួលខុសត្រូវ” បើនិយាយចំពោះសហរដ្ឋអាមេរិក មានសន្ទស្សន៍ប៉ុន្មាន អាចយកវាយតម្លៃបាន ។

ទីមួយ មិនគួរធ្វើឱ្យបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្លាយជាបញ្ហានយោបាយនោះទេ ហើយក៏មិនគួរបង្កើត ” អសន្តិសុខ” ដោយយកបញ្ហា “សន្តិសុខ” ធ្វើជាលេសនោះដែរ ។ សហរដ្ឋអាមេរិក គួរតែដឹងច្បាស់ថា ប្រសិនបើមិនកែប្រែមាគ៌ា ទម្លាប់នៃការធ្វើឱ្យទស្សនៈសន្តិសុខជាតិ ទៅជារឿងទូទៅទេ នោះ វាប្រហែលពិបាកក្នុងការជំរុញឱ្យទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងអាមេរិកដើរលើ គន្លងផ្លូវត្រឹមត្រូវណាស់ ។

ដោយឈរលើមូលដ្ឋាននេះ កិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិន និងអាមេរិកគួរតែធ្វើតាមក្រឹត្យ ក្រមសេដ្ឋកិច្ចនិងក្បួនច្បាប់ទីផ្សារ ។ នាពេលមុននេះមិនជាយូរប៉ុន្មាន មន្ត្រីជាន់ខ្ពស់ នៃសហគ្រាសអាមេរិក ជាច្រើនបានបំពេញទស្សនកិច្ចនៅប្រទេសចិន ហើយអ្នកទទួលខុសត្រូវ នៃសហគ្រាសអាមេរិក ដូចជាក្រុមហ៊ុន Apple និង ក្រុមហ៊ុន Qualcomm ជាដើមបាននាំគ្នាថ្លែងថា នឹងបន្តបង្កើនការវិនិយោគ នៅក្នុងប្រទេសចិន និងបន្តធ្វើកិច្ចសហប្រតិបត្តិការ ប្រកបដោយភាពច្នៃប្រឌិត នេះជាជម្រើស ចំពោះទីផ្សាររបស់សហគ្រាស ។

ក្នុងអំឡុងពេលដំណើរទស្សនកិច្ច នៅប្រទេសចិនលើកនេះ លោកស្រី Janet Yellen ក៏បានលើកឡើងពីអ្វីដែលហៅថា ឧស្សាហកម្មថាមពលថ្មី របស់ប្រទេសចិនមានបញ្ហាអតិរេក ផ្នែកផលិតភាព ។ អ្នកជំនាញពាក់ព័ន្ធបានលើកឡើងថា ក្នុងវិស័យថាមពលថ្មី គ្រាន់តែដោយសារប្រទេសចិន បានផ្តល់ផលិតភាព ដែលមានគុណភាពខ្ពស់កាន់តែច្រើន ជាងសហរដ្ឋអាមេរិក ក៏ដូចជាកាន់តែមានប្រជាប្រិយភាព ពីសំណាក់ពិភពលោក បានជាសហរដ្ឋអាមេរិក ក៏បានធ្វើការសន្និដ្ឋានថាជា”បញ្ហាអតិរេកផ្នែកផលិតភាព”ដែលឆ្លុះបញ្ចាំងពីគំនិតអនុត្តរភាពនិយម របស់អាមេរិក ។ អ្វីដែលសហរដ្ឋអាមេរិកត្រូវធ្វើ គឺ គោរពតាមក្រឹត្យក្រមសេដ្ឋកិច្ច និងលើកកម្ពស់កម្លាំងប្រកួត ប្រជែងរបស់ខ្លួន តែមិនមែនបានប្រឌិតប្រធានបទដ៏ខុសឆ្គង ដូចជា”បញ្ហាអតិរេកផ្នែកផលិតភាព “ដើម្បីអនុវត្តការប្រកួត ប្រជែងអយុត្តិធម៌នោះឡើយ ។

ក្នុងអំឡុងពេលដំណើរ ទស្សនកិច្ចនៅប្រទេសចិនលើកនេះ លោកស្រី Janet Yellen បានបញ្ជាក់នៅទីក្រុងក្វាងចូវ និងទីក្រុងប៉េកាំងថា អាមេរិកមិនស្វែងរកការ “ផ្តាច់ទំនាក់ទំនងខាងសេដ្ឋកិច្ច”ជាមួយប្រទេសចិននោះទេ ប្រទេសចិនសម្តែងការស្វាគមន៍ចំពោះការនេះ ហើយក៏សង្ឃឹមផងដែរថា ភាគីអាមេរិកនឹងអនុវត្តយ៉ាង ប្រាកដប្រជានូវពាក្យសន្យា ស្តីពីការមិនស្វែងរកការ”ផ្តាច់ទំនាក់ទំនងខាងសេដ្ឋកិច្ច” ក្នុងន័យគាំពារផលប្រយោជន៍ និងសុខមាលភាព របស់សហគ្រាសនិងប្រជាជន នៃប្រទេសទាំងពីរ ចិននិងអាមេរិក ។

ឆ្នាំនេះគឺជាខួបទី ៤៥ នៃការបង្កើត ទំនាក់ទំនងការទូតរវាងចិន និងសហរដ្ឋអាមេរិក ។ បទពិសោធកន្លងទៅបានបញ្ជាក់ថា ផលប្រយោជន៍ សេដ្ឋកិច្ច របស់ចិន និងអាមេរិកមានការរួមបញ្ជូលគ្នា យ៉ាងស៊ីជម្រៅ ការបង្កើនកិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មមិន ត្រឹមតែមាន អំណោយ ផលដល់ភាគីទាំងពីរ ហើយក៏មានអំណោយផល ដល់កំណើនសេដ្ឋកិច្ចសកលផងដែរ ។ នៅពេលបច្ចុប្បន្នដែល ទំនាក់ទំនងរវាងចិននិង អាមេរិក ឈប់ធ្លាក់ ចុះនិងឆ្ពោះទៅរកស្ថិរភាព យើងរំពឹងថា សហរដ្ឋអាមេរិកអាចដើរស្របតាមទិសដៅ ជាមួយចិន កាន់តែច្រើនឡើងៗ ក៏ដូចជាសម្រេច បាននូវពាក្យសន្យារបស់ខ្លួន តាមរយៈសកម្មភាពជាក់ស្តែង ដើម្បីជំរុញការអនុវត្ត យ៉ាងប្រាកដប្រជានូវ “ចក្ខុវិស័យក្រុងសាន់ហ្វ្រាន់ស៊ីស្កូ” ។ តើសហរដ្ឋអាមេរិកអាចរ៉ាប់រង ទំនួលខុសត្រូវរបស់ខ្លួនយ៉ាងពិតប្រាកដឬអត់ ពិភពលោកទាំងមូល កំពុងទន្ទឹងរង់ចាំខ្លាំងណាស់ ៕ អត្ថបទដោយវិទ្យុ មិត្តភាពកម្ពុជា

To Top