បរទេស៖យោងតាមការចេញផ្សាយរបស់ RT ក្រសួងពាណិជ្ជកម្ម បានប្រកាសកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលតួគីបានដាក់ការរឹតបន្តឹងលើការនាំចេញលើប្រទេសអ៊ីស្រាអែល ដែលគ្របដណ្តប់លើប្រភេទផលិតផល ចំនួន៥៤ជាការឆ្លើយតប ទៅនឹងសង្គ្រាមនៅតំបន់ហ្គាហ្សា។
រដ្ឋាភិបាលទីក្រុងអង់ការ៉ាគឺជាអ្នករិះគន់យ៉ាងខ្លាំងក្លាបំផុត របស់អ៊ីស្រាអែលចាប់តាំងពីជម្លោះ ជាមួយក្រុមហាម៉ាសបានផ្ទុះឡើងនៅក្នុងខែតុលាដោយ ការតវ៉ាត្រូវបានធ្វើឡើងក្នុងទីក្រុងអ៊ីស្តង់ប៊ុលក្នុងប៉ុន្មានថ្ងៃថ្មីៗ នេះទាមទារឲ្យមាន ការហាមឃាត់ពាណិជ្ជកម្ម។ ការសម្រេចចិត្តរបស់ក្រុងអង់ការ៉ាក៏ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលអ៊ីស្រាអែលបដិសេធមិនអនុញ្ញាតឲ្យជំនួយតួគីទម្លាក់ចូលក្នុងតំបន់ហ្គាហ្សា។
យោងតាមក្រសួងពាណិជ្ជកម្មតួគី មុខទំនិញនៅក្នុងបញ្ជីការហាមឃាត់ ការនាំចេញ ដែលមានប្រសិទ្ធិភាពភ្លាមៗ រួមមានអាលុយមីញ៉ូម ទង់ដែង ដែក សម្ភារៈសំណង់ គ្រឿងម៉ាស៊ីន និងផលិតផលគីមីផ្សេងៗ។
ក្រសួងបានកត់សម្គាល់ថា តួគីបានឈប់បញ្ជូនអ៊ីស្រាអែលនូវទំនិញណាមួយដែលអាចប្រើប្រាស់សម្រាប់គោលបំណងយោធា។
ឯកសារបានបន្ថែមថា ការរឹតបន្តឹងនឹងនៅតែមានរហូតទាល់តែអ៊ីស្រាអែលប្រកាស បទឈប់បាញ់នៅតំបន់ហ្គាហ្សា និងអនុញ្ញាតឱ្យ លំហូរដែលមិនមានការរារាំង នៃជំនួយមនុស្សធម៌គ្រប់គ្រាន់ ចូលទៅក្នុងតំបន់នោះ។
អ៊ីស្រាអែលត្រូវបានអង្គការសហប្រជាជាតិ និងក្រុមសិទ្ធិមនុស្សចោទប្រកាន់ថា បានរារាំងការផ្តល់ជំនួយទៅតំបន់ហ្គាហ្សា៕
ប្រែសម្រួល៖ស៊ុនលី