វីយែន៖ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ហៅកាត់ថា (IAEA) បានឲ្យដឹងកាលពីថ្ងៃអង្គារថា ខ្លួននឹងបើកកិច្ចប្រជុំបន្ទាន់នៃ ក្រុមប្រឹក្សាអភិបាលប្រទេសចំនួន ៣៥ជាសមាជិករបស់ខ្លួននៅថ្ងៃព្រហស្បតិ៍ ជុំវិញការវាយប្រហារកាលពីពេលថ្មីៗនេះ មកលើរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ហៅកាត់ (ZNPP) ។
កិច្ចប្រជុំដែលនឹងធ្វើឡើង នៅទីស្នាក់ការកណ្តាលទីក្រុងវីយែនរបស់ទីភ្នាក់ងារនេះ គឺត្រូវបានកោះហៅដោយ ប្រធានក្រុមប្រឹក្សាភិបាល បន្ទាប់ពីលិខិតពីរដាច់ដោយឡែក ពីគ្នាផ្ញើជូនគាត់ដោយតាមលំដាប់លំដោយ សហព័ន្ធរុស្ស៊ី និងអ៊ុយក្រែន ស្នើសុំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលដោយ បានរៀបរាប់នៅក្នុងកំណត់ត្រាមួយ ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយយ៉ាងដូច្នេះ ។
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ ក្រុមឃ្លាំមើលនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា ខ្លួនត្រូវបាន “ជូនដំណឹង” អំពីការវាយប្រហារដោយ យន្តហោះគ្មានមនុស្សបើកចុងក្រោយបំផុត មកលើមជ្ឈមណ្ឌលហ្វឹកហ្វឺន ZNPP កាលពីថ្ងៃអង្គារ ប៉ុន្តែបានបញ្ជាក់ថា ឧបទ្ទវហេតុនេះ “មិនបានបង្កការគំរាមកំហែងណាមួយដល់សុវត្ថិភាព និងសន្តិសុខនុយក្លេអ៊ែរទេនៅ ZNPP” ។
ទីភ្នាក់ងារ IAEA បានឲ្យដឹងថា អ្នកជំនាញរបស់ខ្លួនដែលប្រចាំការនៅរោងចក្រនេះ “សបានរាយការណ៍ពីការឮសំឡេងផ្ទុះកាំភ្លើង អមដោយការផ្ទុះយ៉ាងខ្លាំង” កាលពីព្រឹកថ្ងៃអង្គារ “ពេលវេលាដូចគ្នាដែលរោងចក្រ ZNPP ក្រោយមកបានឲ្យដឹងថា យន្តហោះគ្មានមនុស្សបើកបាន ហោះចូលមកនិងបានបំផ្ទុះនៅលើដំបូល នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលរបស់រោងចក្រ”។
អ្នកជំនាញ IAEA មិនត្រូវបានអនុញ្ញាតឱ្យចូលទៅកាន់ អគារមជ្ឈមណ្ឌលហ្វឹកហ្វឺន ដើម្បីវាយតម្លៃផលប៉ះពាល់នោះទេ ដោយសារពួកគេត្រូវបាន “ជូនដំណឹងថា ស្ថានភាពសន្តិសុខយោធាមិនអនុញ្ញាត” នេះបើយោងតាមសេចក្តីថ្លែងការណ៍បានដាក់ដូច្នេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា