ULAN BATOR៖ ក្រសួងបរិស្ថាន និងទេសចរណ៍របស់ប្រទេសម៉ុងហ្គោលី បានឲ្យដឹងកាលពីថ្ងៃអង្គារថា
គ្រោងឆ្អឹងសត្វជាងកន្លះលានក្បាលត្រូវបានដុតបំផ្លាញចោលនៅទូទាំងប្រទេស ។
ក្រសួងដដែលនេះបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “គិតត្រឹមថ្ងៃនេះ យ៉ាងហោចណាស់គ្រោងឆ្អឹងសត្វចំនួន ៥១៣.៩៤៨ក្បាលត្រូវបានបំផ្លាញនៅក្នុងទីតាំងចំនួន៦៧៧កន្លែងនៃផ្ទៃដី៨៧.២៤៨ម៉ែត្រការ៉េនៅទូទាំងប្រទេស” ។
ចំនួននៃការងាប់របស់សត្វពាហនៈដោយសារតែលក្ខខណ្ឌរដូវរងាខ្លាំង ដែលត្រូវបានគេស្គាល់ជាទូទៅថា “dzud” បានកើនឡើងដល់ជាង៥,៩លានក្បាលគិតមកទល់ពេលនេះនៅរដូវរងានេះនៅក្នុងប្រទេសម៉ុងហ្គោលី ។
“Dzud” គឺជាពាក្យម៉ុងហ្គោលី ដែលពិពណ៌នាអំពីរដូវរងាដ៏ត្រជាក់ខ្លាំង នៅពេលដែលសត្វពាហនៈមួយចំនួនធំបានងាប់ដោយសារតែដីកក ឬគ្របដណ្តប់ដោយព្រិល ។
ស្ទើរតែគ្រប់ខេត្តទាំងអស់នៃប្រទេសក្នុងទ្វីបអាស៊ីមួយនេះបានជួបប្រទះនឹងស្ថានភាពអាកាសធាតុដ៏អាក្រក់ក្នុងរដូវរងានេះ ហើយជាង៨០ភាគរយនៃប្រទេសនេះត្រូវបានគ្របដណ្តប់ដោយព្រិល ដែលជំរុញឱ្យរដ្ឋាភិបាលបង្កើនការត្រៀមខ្លួនសម្រាប់គ្រោះមហន្តរាយដល់ការប្រុងប្រយ័ត្នខ្ពស់ ។
ការលើកកម្ពស់ការចិញ្ចឹមសត្វត្រូវបានគេមើលឃើញថា ជាមធ្យោបាយដែលអាចសម្រេចបានបំផុតក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ចដែលពឹងផ្អែកលើការជីកយករ៉ែរបស់ប្រទេសនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា