ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន អះអាងថា នាវាចម្បាំង​រុស្ស៊ី​នៅ​សមុទ្រ​បាល់ទិក លែង​ដំណើរការ​ហើយ​ក្រោយ​មានភ្លើង​ឆេះ

Xinhua

គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Focus.ua បានរាយការណ៍ថា នាវាបំពាក់ដោយមីស៊ីលរបស់រុស្ស៊ី Serpukhov ដែលឈរជើងនៅសមុទ្របាល់ទិក ត្រូវបានពន្លត់ភ្លើង រួចរាល់ហើយ ប៉ុន្ដែមិនទាន់ដំណើរការនៅឡើយទេ ដោយដកស្រង់សម្តីអ្នកនាំពាក្យ សម្រាប់ចារកម្មយោធាអ៊ុយក្រែន។

លោក Andriy Yusov អ្នកនាំពាក្យបានឲ្យដឹងថា កប៉ាល់នៅតែអណ្តែត នឹងត្រូវការ “យូរណាស់” ដើម្បីជួសជុល ដោយសារឧបករណ៍ទំនើបៗរបស់វាត្រូវបានខូចខាត។

យោងតាមទីភ្នាក់ងារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយរដ្ឋាភិបាលបានឱ្យដឹងថា ឧបករណ៍ទំនាក់ទំនង និងស្វ័យប្រវត្តិកម្មរបស់នាវាត្រូវបាន “បំផ្លាញទាំងស្រុង” ។

លោក Yusov បាន​បន្ថែម​ថា អ៊ុយក្រែន​ជឿជាក់​ថា រុស្ស៊ី​កំពុង​ពិចារណា​ផ្ទេរ​កប៉ាល់​នេះ ទៅ​សមុទ្រ​ខ្មៅ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Yusov បាន​លើកឡើងដោយ​មិន​បង្ហាញ​ថា​តើ​អ៊ុយក្រែន​ ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ឆាបឆេះ​នេះ​ថា “ការ​បញ្ឆេះ និង​ភ្លើង ខ្ញុំ​អាច​និយាយ​ថា មិន​មែន​ជា​រឿង​ចៃដន្យ​នោះទេ​”។

ដោយឡែក ទូរទស្សន៍ សាធារណៈរបស់អ៊ុយក្រែន Suspilne ក៏ដូចជាកាសែត Kyiv Post និង The Kyiv Independent ដែលដកស្រង់ប្រភព ពីចារកម្មយោធា បានចុះផ្សាយថា ចារកម្មយោធា របស់អ៊ុយក្រែន ជាអ្នកនៅពីក្រោយការបាញ់ប្រហារនេះ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top